ចិនដាក់ការព្រមានកម្រិតខ្ពស់បំផុត ខណៈព្យុះទីហ្វុង សៅឡា បក់បោកទៅកាន់ក្រុងហុងកុង

ប៉េកាំង៖ ចិននៅថ្ងៃព្រហស្បតិ៍នេះ បានចេញការព្រមានកម្រិតខ្ពស់បំផុតអំពីព្យុះទីហ្វុងសៅឡា (Saola) ដែលកំពុងបោកបក់ចូលមកជិតឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេស ដោយគំរាមកំហែងដល់ទីក្រុងហុងកុងនិងមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗផ្សេងទៀតនៅក្នុងខេត្តក្វាងទុង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

មជ្ឈមណ្ឌលឧតុនិយមជាតិ បានចេញការព្រមានអំពីព្យុះទីហ្វុងពណ៌ក្រហមកាលពីម៉ោង ៦ ព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយនិយាយថា ព្យុះទីហ្វុងសៅឡា ដែលបច្ចុប្បន្ន(ព្រឹកថ្ងៃព្រហស្បតិ៍)ស្ថិតនៅចម្ងាយប្រហែល ២៩៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃខេត្តក្វាងទុង នឹងផ្លាស់ទីទៅភាគពាយព្យឆ្លងកាត់សមុទ្រចិនខាងត្បូងក្នុងល្បឿនប្រហែល ១០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយចូលទៅជិតឆ្នេរខេត្តក្វាងទុងសន្សឹមៗ មុនពេលចុះខ្សោយបន្តិចម្ដងៗ។

គិតត្រឹមម៉ោង៩ថ្ងៃព្រហស្បតិ៍នេះ ព្យុះសៅឡាកំពុងបក់បោកក្នុងល្បឿនខ្យល់រហូតដល់ ២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិនដដែល វានឹងធ្វើឱ្យមានភ្លៀងធ្លាក់នៅតាមតំបន់ឆ្នេរសមុទ្ររាប់ចាប់តាំងពីស្រុក ហួយឡៃ(Huilai) នៃខេត្តក្វាងទុង រហូតទៅដល់ក្រុងហុងកុង ចាប់ពីរសៀលរហូតដល់យប់នៃថ្ងៃទី១ខែកញ្ញា។

បើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងៗ ក្រោមការព្រមានកម្រិតខ្ពស់ អាជ្ញាធរចិនបានផ្អាកខ្សែរថភ្លើងសំខាន់ៗមួយចំនួនខណៈទីក្រុងសៀងហៃក៏បានបញ្ឈប់រថភ្លើងដែលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងក្វាងទុងដូចគ្នា។ ក្រៅពីធ្វើឱ្យមានភ្លើងធ្លាក់ជោកជាំនៅខេត្តក្វាងទុង សៅឡាក៏នឹងជះឥទ្ធិពលដល់ភាគខាងត្បូងនៃខេត្ត Fujian និងកោះតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា ព្យុះទីហ្វុងសៅឡា គឺជាព្យុះចុងក្រោយបង្អស់ដែលវាយប្រហារចិននៅឆ្នាំនេះ។ វាបានឆ្លងកាត់ប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានការរាយការណ៍ថាវាបង្ករឱ្យមានអ្នកស្លាប់ និងរបួសទេ មកទល់ពេលនេះ។

យ៉ាងណាមិញ នៅតំបន់ភាគខាងជើងហ្វីលីពីន ព្យុះសៅឡាបានបង្កជាភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយនឹងខ្យល់ បណ្ដាលឱ្យមានការជន់លិចភូមិទំនាបៗក្នុងតំបន់មួយចំនួន ហើយជំរុញការជម្លៀសមនុស្សជិត ៥០ ០០០ នាក់៕ ប្រែសម្រួលដោយ៖ ហួន ឌីណា

ads banner