លោក ថាក់ស៊ីន កំពុងរៀបចំសំណើសុំលើកលែងទោសពីព្រះមហាក្សត្រ

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) កំពុងរៀបចំឯកសារព្រាងដើម្បីដាក់សំណើសុំការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែថាតើលោកនឹងដាក់សំណើនោះជូនទៅកាន់ព្រះមហាក្សត្រនៅពេលណានោះ គឺជាឆន្ទានុសិទ្ធិរបស់លោក ។នេះជាការលើកឡើងរបស់មេធាវីលោកកាលពីថ្ងៃពុធម្សិលមិញ។

លោក ថាក់ស៊ីន បានវិលត្រឡប់ចូលប្រទេសថៃវិញកាលពីសប្តាហ៍មុន បន្ទាប់ពីលោកបានរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំ។ លោកបានធ្វើដំណើរទៅដល់ប្រទេសថៃវិញតាមយន្តហោះឯកជនមួយ ហើយក៏ត្រូវបានក្រុមប៉ូលិសចាប់ខ្លួន និងផ្ទេរទៅពន្ធនាគារដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ដែលលោកបានប្រព្រឹត្តតាំងពីលោកនៅកាន់អំណាចជានាយករដ្ឋមន្ត្រី។

ភ្លាមៗបន្ទាប់ពីការធ្វើដំណើររបស់លោក ថាក់ស៊ីន ទៅដល់ប្រទេសថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) មកពីគណបក្សភឿថៃដែលគាំទ្រដោយគ្រួសារស៊ីណាវ៉ាត្រា បានទទួលបានការបោះឆ្នោតគាំទ្រពីសភា ក្លាយជានាយករដ្ឋមន្ត្រីថៃទី៣០ ក្នុងថ្ងៃតែមួយផងដែរ។ ការណ៍នេះបានធ្វើឱ្យសាធារណៈជនមានការសង្ស័យថា លោក ថាក់ស៊ីន ទំនងជាបានធ្វើកិច្ចព្រមព្រៀងសម្ងាត់ណាមួយជាមួយបណ្ដាគណបក្សយោធាអភិរក្សនិយម និងរាជានិយម ដែលបានដកលោកចេញពីអំណាចក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១៤។

យ៉ាងណាក៏ដោយ លោក ថាក់ស៊ីន និងគណបក្សភឿថៃ បានបដិសេធជុំវិញការចោទសួរអំពីការធ្វើកិច្ចព្រមព្រៀងសម្ងាត់នេះ។ គួរដឹងដែរថា នៅយប់ដំបូងបន្ទាប់ពីលោកទៅដល់ប្រទេសថៃ លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិស ដោយសារតែលោកមានអាការៈឈឺទ្រូង និងមានជំងឺលើសឈាម។ កាលពីថ្ងៃពុធ មេធាវីរបស់លោក លោក វីនយ៉ាត ឆាតម៉ុនទ្រី (Winyat Chartmontri) បានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រថា «អតីតនាយករដ្ឋមន្ត្រីកំពុងរៀបចំសំណើសុំការលើកលែងទោសពីព្រះមហាក្សត្រ»។

លោក វីនយ៉ាត បានលើកឡើងថា «លោកថាក់ស៊ីនកំពុងដំណើរការឯកសារដោយខ្លួនឯង ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារ និងពង្រាងសំណើ»។ លោកបានបន្ថែមថា «ក្រុមអ្នកច្បាប់មិនទាន់បានឃើញខ្លឹមសារនៅក្នុងសំណើនេះទេ»។ លោក វីនយ៉ាត បានរំលេចថា ការដាក់សំណើនេះជូនទៅកាន់ព្រះមហាក្សត្រនៅពេលណានោះ គឺជាឆន្ទានុសិទ្ធិរបស់លោក ថាក់ស៊ីន ផ្ទាល់។

បើទោះជាបានឃ្លាតឆ្ងាយពីប្រទេសកំណើតអស់រយៈពេល ១៥ ឆ្នាំក៏ដោយ ក៏លោក ថាក់ស៊ីន នៅតែប្រកាន់យកនយោបាយប្រជានិយម ដូចជាការថែទាំសុខភាពជាសកល និងការឧបត្ថម្ភសាច់ប្រាក់ជាដើម។ ជាការកត់សម្គាល់ គណបក្សដែលស្មោះត្រង់នឹងលោក បានឈ្នះរាល់ការបោះឆ្នោតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ពោលគឺរហូតដល់ឆ្នាំ២០២៣ តែម្ដង។

ដោយឡែក ក្រុមប្រឆាំងថាក់ស៊ីនបានដាក់ញត្តិទៅកាន់នាយកដ្ឋានកែតម្រូវ (Corrections Department) ដើម្បីស្នើឱ្យធ្វើការរារាំងរាល់ការប៉ុនប៉ងសុំការលើកលែងទោសរបស់លោក ថាក់ស៊ីន ដោយពួកគេបានលើកហេតុផលថា ករណីពុករលួយមិនគួរទទួលបានការលើកលែងទោសនោះឡើយ៕ ប្រែសម្រួលដោយ៖ ធា សុណា

ads banner