ជំនួបរវាងរដ្ឋមន្ត្រីការបរទេសជាមួយទូតអាមេរិក៖ បញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ជំនួបពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ នេះបើយោងតាមការប្រកាសឱ្យដឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេសបានបន្តថា នៅក្នុងជំនួប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអបអរសាទរ ឯកឧត្តម សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ប្រភពដដែលបានបញ្ជាក់ថា វិស័យពាណិជ្ជកម្ម និងការវិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្របខ័ណ្ឌទេ្វភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ស្ថិតក្នុងចំណោមប្រធានបទនានាដែលត្រូវបានលើកយកមកពិភាក្សា។ ដោយទទួលស្គាល់អំពីវិធីសាស្រ្តផ្សេងគ្នាចំពោះបញ្ហាមួយចំនួន ដែលជារឿងធម្មតានៅក្នុងទំនាក់ទំនងអន្តរជាតិ ភាគីទាំងពីរបានបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងឆ្ពោះទៅរកគោលដៅរួមដែលផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner