ថៃពិចារណាលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងឥណ្ឌា
បាងកក៖ ថៃរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិរហូតដល់ ៣០លាននាក់នៅឆ្នាំនេះ កើនឡើងជិតបីដងបើធៀបនឹងឆ្នាំមុន ទោះបីជានៅតែទាបជាង ៤០លាននាក់ មុនពេលផ្ទុះជំងឺកូវីដ១៩កាលពីឆ្នាំ២០១៩ក៏ដោយ។
ផែនការរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក ស្រេតថា ថាវីស៊ីន ក្នុងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន និងឥណ្ឌាបានជំរុញឱ្យមានក្តីសង្ឃឹមក្នុងការស្តារសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះរបស់ប្រទេសថៃឡើងវិញ។
ប្រតិបត្តិករទេសចរណ៍ និងអ្នកវិភាគមានទំនុកចិត្តថា ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរមកពីចិន និងឥណ្ឌា នឹងពន្លឿនការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ក៏ដូចជាជួយប្រទេសថៃឱ្យសម្រេចបាននូវគោលដៅស្រូបទាញភ្ញៀវទេសចរបរទេសរបស់ខ្លួន។
រដ្ឋាភិបាលថ្មីស្ថិតក្រោមការដឹកនាំរបស់លោក ស្រេតថា ត្រូវបានគេរំពឹងថា នឹងអនុវត្តផែនការខាងលើនេះដោយជោគជ័យ មុនពេលរដូវកាលសម្បូរភ្ញៀវទេសចរចាប់ផ្តើមក្នុងខែវិច្ឆិកា ដែលនឹងជួយអ្នកទេសចរចិន និងឥណ្ឌា ជៀសវាងភាពលំបាកក្នុងការទទួលបានទិដ្ឋាការទេសចរណ៍មកកាន់ប្រទេសថៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា