វេបសាយផ្លូវការ អង្គការ ILO បង្ហាញថា កម្ពុជាមានអត្រានៃអ្នកមានការងារធ្វើ ៩៩.៥ភាគរយ

(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារILO បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម ០.៥ភាគរយដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដលើ ៩៩.៥ភាគរយ ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេ ក្នុងចំណោម ១៨៥ប្រទេស ។
     
បើយោងតាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ ILO) បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ អង្គការអន្តរជាតិខាងការងារ (ILO) ក៏បានបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀតរួមមាន៖ កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ, អាឡឺម៉ង់ ជាដើមសុទ្ធតែជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចតួច ។
       
តាមនិយមន័យក្នុងការកំណត់អត្រាអ្នកអត់ការងារធ្វើ ឬភាពមានការងារធ្វើសម្រាប់ប្រទេសកម្ពុជា គឺមិនខុសពីបណ្តាប្រទេសនានានៅលើពិភពលោក រួមបញ្ចូលទាំងប្រទេសជប៉ុន សហរដ្ឋអាម៉េរិក ឡាវ វៀតណាម ជាដើម ដោយប្រើប្រាស់នូវនិយមតែមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានកំណត់ថា  អ្នកមានការងារធ្វើគឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែលក្នុងរយៈពេលកំណត់ណាមួយ (មួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ) បានចូលរួមទៅក្នុងសកម្មភាពនានាក្នុងការផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬការបង្កើតជាប្រាក់ចំណេញ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកដែលមានវត្តមាននៅកន្លែងធ្វើការ និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការដោយសារ តែការឈប់សម្រាកដោយសារមានជំងឺ ជាប់រវល់ធ្វើការសិក្សា ឬកត្តាផ្សេងៗ។

ដោយឡែក អ្នកគ្មានការងារធ្វើសំដៅលើ គឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែល (១) មិនមានការងារ (២) ហើយកំពុងស្វែងរកការងារ (៣)និងអាចទទួលយកឱកាសការងារប្រសិនបើមាន។
         
ដោយផ្អែកលើនិយមន័យនេះ យើងសង្កេតឃើញថា ប្រទេសនៅលើពិភពលោក បានទទួលជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ក្នុងបានប្រមូលនិងផលិតនូវទិន្នន័យទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកគ្មានការងារធ្វើ ដែលយើងអាចទាញយកទិន្នន័យទាំងអស់នេះបានជាសាធារណៈពី https://ilostat.ilo.org/data/# ។

យោងតាមប្រភពទិន្នន័យរបស់ ILOនេះ បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបជាង ១ភាគរយ  ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះគឺទាបជាងគេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានា នៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និងឡាវ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner