ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកកត្តាចាំបាច់នៃការកែទម្រង់ក្នុងការរួមគ្នា បំពេញកិច្ចការងារ ជូនដល់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និង ឆន្ទៈរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈគ្រប់ៗរូប ក្នុងការរួមគ្នា បំពេញការងារឆ្ពោះទៅមុខ ខណៈមានការយល់ច្បាស់ពីបញ្ហាប្រឈម ដែលអាចជួបប្រទះ ជាពិសេសក្នុងការងារកំណែទម្រង់។ ឯកឧត្តម ក៏បានចែករំលែកជូនថ្នាក់ដឹកនាំនូវកត្តាដែលចាំបាច់ក្នុងការកែទម្រង់ រួមមាន៖ ឆន្ទៈនយោបាយ តួអង្គដឹកនាំអនុវត្ត និងការចូលរួមទាំង អស់គ្នា ។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន លើកឡើង ដូច្នេះ កាលពីរសៀលថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំ បច្ចេកទេសកម្រិតថ្នាក់ដឹកនាំផ្ទៃក្នុងក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើ ការរៀបចំយន្តការស្ថាប័នក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅទីស្តីការ ក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ និងរម្លឹកជូនដល់អង្គប្រជុំនូវ អនុសាសន៍ ណែនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើមូលដ្ឋាន គ្រឹះចម្បងនៃការគិតគូររៀបចំតែងតាំងមន្ត្រី និងការគ្រប់គ្រង បែងចែកតួនាទី ប្រគល់ភារកិច្ចដល់មន្ត្រី តាមក្រសួង-ស្ថាប័នរដ្ឋ។

កិច្ចប្រជុំ បានប្រពឹត្តទៅ ជាមួយការចូលរួមយោបល់ជាធាតុចូលយ៉ាង ផុសផុលពីសំណាក់អង្គប្រជុំ ក្នុងការពិនិត្យ ពិភាក្សាឯកសារសេចក្តី ព្រាងព្រះរាជក្រឹត្យ និងអនុក្រឹត្យគោលសំខាន់ៗ ដែលមានក្នុង របៀបវារៈកិច្ចប្រជុំ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងដោយទឹកចិត្តរីករាយថា ការចូល រួមគំនិតយ៉ាងផុសផុលក្នុងន័យនៃការចូលរួមក្នុងបេសកកម្មកំណែទម្រង់ស្ថាប័ន និងវិស័យ ពិតជាទិដ្ឋភាពមួយដែលបង្ហាញពីភាពស្រស់បំព្រង និងភាពសម្បូរបែបនៃគំនិត តាមរយៈការប្តេជ្ញាចិត្ត និងដើរតាមទស្សនៈ វិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ៕

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner