រយៈពេលប្រាំឆ្នាំចុងក្រោយនេះចំនួនសត្វត្មាតនៅកម្ពុជាមានស្ថិរភាព ខណៈកម្ពុជាមានខេត្តចំនួនប្រាំដែលត្មាតកំពុងរស់នៅ

ភ្នំពេញ៖ចាប់តាំងពីឆ្នាំ២០១០មក ចំនួនសត្វត្មាតនៅក្នុងប្រទេសកម្ពុជា ដែល មានកត់ត្រា នៅតាមអាហារដ្ឋានត្មាត បានចាប់ផ្តើមថយចុះ ប៉ុន្តែ ដោយសារការធ្វើការអភិរក្ស យ៉ាងយកចិត្តទុកដាក់ ធ្វើឱ្យទិន្ន័យចំនួន សត្វត្មាត ហាក់មានស្ថិរភាពក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

សត្វត្មាតទាំងនោះត្រូវបានគេរកឃើញមានវត្តមាននៅក្នុងខេត្តចំនួនប្រាំគឺ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ ទីតាំងដែលមានវត្តមានសត្វត្មាតច្រើនជាងគេគឺស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ភាគខាងជើងជិតព្រំដែនប្រទេសកម្ពុជា-ឡាវ។

ក្រសួងបរិស្ថាននៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣បាន អបអរ សាទរ ទិវាសត្វត្មាតអន្តរជាតិ ២០២៣ ទិវាយល់ដឹងសត្វ ត្មាត អន្តរជាតិ គឺជា ឱកាសសម្រាប់មនុស្សជុំវិញពិភពលោក ធ្វើការចែករំលែកព័ត៌មាននិង បទ ពិសោធន៍ និងលើកទឹកចិត្តឱ្យមានចូលរួមការពារសត្វស្លាប ដ៏ អស្ចារ្យនេះ។

គួរបញ្ជាក់ថា សត្វត្មាតចំនួនបីប្រភេទមានដូចជា ត្មាតផេះ ត្មាតត្នោត និង ត្មាតភ្លើង ។ពួកវារស់ជាអចិន្ត្រៃយ៍នៅប្រទេសកម្ពុជា បាននិង កំពុងរង ការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរឈានទៅដល់ការជិតផុតពូជ។ សត្វត្មាតរងការគម្រាមកំហែង ដូចជាការបំពុល ការរំខានទីតាំងសំបុក ដែលតម្រូវឱ្យចាត់វិធានការការពារ និងជួយសង្គ្រោះ ចំនួនសត្វត្មាត ដែលនៅសេសសល់ទាំងនោះ។

នៅក្នុងរបាយការណ៍ជំរឿនសត្វត្មាតឆ្នាំ២០២២ ត្មាតរស់នៅក្នុង ប្រទេសកម្ពុជាសរុប ចំនួន ១៣៤ ក្បាល ក្នុងនោះមានត្មាតភ្លើង ១៩ក្បាល ត្មាតត្នោត៤២ក្បាល និងត្មាតផេះចំនួន៧៣ ក្បាល។

សត្វត្មាតជាប្រភេទសត្វស្លាបកម្រ និងជិតផុតពូជបំផុត ក្នុងប្រទេស កម្ពុជា។ សត្វត្មាតទាំងបីប្រភេទនេះ បានចាត់ចំណាត់ថ្នាក់ ដោយ អង្គការIUCN ថាជាប្រភេទជិតផុតពូជបំផុត អាស្រ័យដោយការ បាត់បង់ទីជម្រក កង្វះចំណី និងការបំពុលជាដើម។

ត្មាតត្នោត (slender-billed vulture) ជាសត្វស្លាបដ៏ធំដែល មានប្រវែងស្លាបប្រមាណជា ២,៦ម៉ែត្រ។ ដងខ្លួនរបស់វាមានពណ៌ ខ្សាច់។ រីឯក្បាលនិងកវែងមានពណ៌ខ្មៅ និងចុងខ្នងពណ៌ស ហើយ ពេលហើរស្លាបមានពណ៌ខ្មៅ។ គេច្រើនប្រទះឃើញត្មាតត្នោតនៅតំបន់ ព្រៃល្បោះភាគឧត្តរនៃប្រទេសកម្ពុជា។ ជាពិសេសមាននៅក្នុងខេត្ត ស្ទឹងត្រែងនិងខេត្តព្រះវិហារ។

ពួកវាពងកូនភាគច្រើននៅក្នុងស្រុកសៀមប៉ាង។ប៉ុន្តែបន្ត ប្រមូល ផ្តុំជាហ្វូង ដែលមានចំនួនពី៣០ទៅ៤០ក្បាល ដើម្បីស៊ីចំណី។ រដូវបន្តពូជរបស់ត្មាតត្នោត គឺនៅក្នុងរដូវប្រាំង។

ត្មាតភ្លើង (red-headed vulture) គឺត្មាតដែលមានធំបន្ទាប់ ទីពីរបស់កម្ពុជា។ វាមានដង ខ្លួនពណ៌ខ្មៅជាមួយនិងឆ្នូតសតាមប ណ្ដោយ កណ្ដាល ស្លាបផ្នែកខាងក្រោម ឯក្បាលមានពណ៌ក្រហម។ឈ្មោលមាន ភ្នែកពណ៌លឿង។

សព្វថ្ងៃនេះវាគឺជាសត្វត្មាតកម្ពុជា ដែលមានដង់ស៊ីតេទាបបំផុត និង មានវត្តមាននៅខេត្តចំនួនប្រាំគឺ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។ គេឃើញមានវត្តមានរបស់សត្វត្មាតទាំងនោះ បន្តពូជនៅរដូវប្រាំ មានលទ្ឋភាពពងបានមួយក្នុងមួយរដូវកាល កាច់ សំបុក។

ចំណែកសត្វត្មាតដែលមានទំហំតូចជាគេរបស់កម្ពុជាសត្វត្មាតផេះដែល មានមាឌ និងមានស្លាបប្រវែងជាង២ម៉ែត្រ។ ពេលពេញវ័យមានរោម ពណ៌សនៅក្រោមស្លាប មានក្បាលនឹងកពណ៌ប្រផេះ ដងខ្លួនពណ៌ ប្រផេះងងឹត ជាមួយនឹងបំណះពណ៌សយ៉ាងច្បាស់ នៅផ្នែកខាង ក្រោមខ្នង។ ត្មាតផេះរស់នៅក្នុងព្រៃល្បោះ មានទីទាំងនៅក្នុង ខេត្តព្រះវិហារ និងស្ទឹងត្រែងប៉ុន្តែនៅមានវត្តមានផងដែរនៅក្នុង ខេត្តក្រចេះ រតនគីរី និងខេត្តមណ្ឌលគិរី។

វាប្រមូលផ្តុំ គ្នា ជាហ្វូង នៅពេលកំពុងស៊ីចំណីអាហារ ប៉ុន្តែវាត្រូវបាន ថយចេញយ៉ាងរហ័យនៅពេលមានវត្តមានត្មាតភ្លើង និងត្មាតត្នោត ដែលកាច (វាមិនរំខានទេ ពួកវាគ្រាន់តែដកថយបន្តិច ហើយក៍ត្រឡប់ ទៅរកសាកសពវិញ)។ ពួកវាមានវត្តមានពេញមួយឆ្នាំ ហើយរដូវបង្កាត់ ពូជ ស្របគ្នាជាមួយនិងប្រភេទផ្សេងទៀតដែរ ចាប់ពីខែតុលា ដល់ខែ ឧសភា ដោយពងបានតែមួយ ក្នុងមួយរដូវកាល។

យើងអាចជួយការពារសត្វត្មាតបានដោយ ផ្តល់កន្លែងឱ្យពួកគេ រស់នៅក្នុងប្រព័ន្ឋអេកូឡូស៊ី ហើយសូមបញ្ឍប់ការបំពុលសត្វ ព្រៃផងដែរ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner