ឯកឧត្តម រដ្ឋមន្ត្រី ឈាង រ៉ា ជំរុញឱ្យនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន យកចិត្តទុកដាក់ថែមទៀតចំពោះបញ្ហាសុខភាពផ្លូវចិត្ត

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានលើកទឹកឱ្យនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន យកចិត្តទុកដាក់ថែមទៀតចំពោះបញ្ហាសុខភាពផ្លូវចិត្ត ពីព្រោះជាផ្នែកមួយនៃសុខុមាលភាពពេញលេញរបស់មនុស្សគ្រប់រូប ហើយផលវិបាកនៃបញ្ហាសុខភាពផ្លូវចិត្តអាចកើតឡើងដោយមិនអាចស្មានដឹងមុនបាន។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យមានការពិគ្រោះយោបល់ថែមទៀតពីវិធីសាស្រ្តដើម្បីអភិវឌ្ឍនិងធានាគុណភាពនៃសេវាថែទាំ និងព្យាបាលជំងឺផ្លូវចិត្ត និងបានណែនាំឱ្យមានការយកចិត្តទុកដាក់ថែមទៀតដល់ការអប់រំ និងព្យាបាលអ្នកប្រើគ្រឿងញៀន ពីព្រោះផលវិបាកនៃការប្រើគ្រឿងញៀន អាចប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមគ្រួសារ និងសហគមន៍។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានថ្លៃងបែបនេះកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ នៅឃ្លាំងឱសថកណ្តាល អគ្គាធិការដ្ឋាន នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងឃ្លាំងសម្ភារៈ នៃក្រសួងសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ បន្តបំពេញភារកិច្ចការងារបម្រើជាតិ និងប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចេះស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គី និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនថែមទៀតនៅក្នុងអង្គភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យនិងផ្តល់អនុសាសន៍ល្អៗ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃឃ្លាំងឱសថកណ្តាល ដើម្បីបន្តពង្រឹងការគ្រប់គ្រង ការថែរក្សា ការដឹកជញ្ជូន និងការបែងចែកឱសថ ថ្នាំបង្ការរោគ និងសម្ភារៈបរិក្ខារ ទូទាំងប្រទេស ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ធានាបាននូវគុណភាព និងសុពលភាពនៃផលិតផល៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner