សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ក្រោយជោគជ័យក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកតដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ កញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យសម្រាប់ជាតិ និង ប្រជាជនកម្ពុជា នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាមេដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀតផងដែរ គឺមានភាពមមាញឹកខ្លាំងក្នុងរយៈពេលប្រមាណ៤ថ្ងៃនៅលើទឹកដីហ្សាកាតានេះ។ សម្តេច ធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ដែលជារបៀបវារៈរបស់អាស៊ាន រួមមាន៖ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលចង្អៀតរបស់ អាស៊ាន លើកទី៤៣, ពិធីបើកវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាវេទិកាថ្មីសម្រាប់អាស៊ាន, កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៦, កិច្ចប្រជុំកំពូលអាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េខាង ត្បូង) លើកទី២៦, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១១, កិច្ចប្រជុំកំពូល អា ស៊ាន កាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០, កិច្ចប្រជុំកំពូលអាស៊ី បូព៌ាលើក ទី ១៨, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៣, កិច្ចប្រជុំកំពូល អាស៊ាន -អង្គការ សហប្រជា ជាតិ លើកទី១៣ និងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមជាមួយការប្រគល់តំណែងប្រធានអាស៊ាន ទៅប្រទេសឡាវ។
ក្រៅតែពីការអញ្ជើញចូលរួមកិច្ចប្រជុំដែលជារបៀបវារៈរបស់អាស៊ានហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបង្ហាញមុខក្នុងបេសកកម្មការទូតលើកដំបូងក្នុងឋានៈជានាយករដ្ឋ មន្ត្រីរបស់កម្ពុជា ក៏បានឆ្លៀតជួបជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ានផងដែរ។ ជំនួបនេះ ជាការសម្តែងការគួរសម និងជាការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងក្នុងឋានៈ ជាមេដឹកនាំថ្មីថ្មោងរបស់កម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ