ប្រមុខណាតូ៖ គ្មានសញ្ញាដែលរុស្ស៊ីវាយប្រហារលើរូម៉ានីទេ
ព្រុចសែល៖ ប្រមុខអង្គការណាតូបាននិយាយថា មិនមានសញ្ញាណាមួយបង្ហាញថា រុស្ស៊ីបានបើកការវាយប្រហារដោយចេតនាមកលើរូម៉ានី ដែលជាសមាជិកអង្គការណាតូនោះទេ បន្ទាប់ពីបំណែកយន្តហោះដ្រូនត្រូវបានគេរកឃើញនៅជិតព្រំដែនរបស់រូម៉ានីជាមួយអ៊ុយក្រែន។
អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ បានបញ្ជាក់ថា ប្រទេសរូម៉ានី កាលពីថ្ងៃពុធសប្តាហ៍នេះ បានជូនដំណឹងដល់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន អំពីការរកឃើញកំទេចកំទីយន្តហោះដ្រូន និងថា បញ្ហានេះបានបង្ហាញពីហានិភ័យ និងគ្រោះថ្នាក់។
ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់លើកំទេចកំទី ដែលគេជឿថា ជាកាកសំណល់នៃយន្តហោះដ្រូននៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីការវាយប្រហារនៅប្រទេសជិតខាងអ៊ុយក្រែន។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក ស្ដូលធិនបឺគ បានប្រាប់សមាជិកសភាសហភាពអឺរ៉ុបយ៉ាងដូច្នេះថា យើងមិនមានព័ត៌មានដែលបង្ហាញពីការវាយប្រហារដោយចេតនាណាមួយរបស់រុស្ស៊ីទេ ហើយយើងកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតដែលកំពុងដំណើរការ។
ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីខែកុម្ភៈកន្លងទៅ អង្គការណាតូបានផ្តោតសំខាន់លើការការពារសង្រ្គាមនៅអ៊ុយក្រែន ហៀរចូលលើទឹកដីប្រទេសសមាជិករបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា