ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន បង្កជាទឹកជំនន់ជន់លិចទីក្រុងហុងកុងលើកដំបូងក្នុងពេល១៤០ឆ្នាំ

ហុងកុង៖ ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុន នៅថ្ងៃទី៨ ខែកញ្ញានេះ បានបង្កជាទឹកជំនន់ជន់លិចទីក្រុងហុងកុងជាលើកដំបូងក្នុងរយៈពេល ១៤០ឆ្នាំ ខណៈដែលផ្លូវថ្នល់ និងស្ថានីយរថភ្លើងក្រោមដីត្រូវទឹកជន់លិច ហើយបង្ខំឱ្យសាលារៀនជាច្រើនបិទទ្វារ។

ភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុងហុងកុងបានចាប់ផ្តើមនៅថ្ងៃទី៧ ខែកញ្ញា ដោយក្រុមសង្កេតការណ៍អាកាសធាតុរបស់ទីក្រុងនេះ បានកត់ត្រាពីទឹកភ្លៀងក្នុងមួយម៉ោងមានកម្ពស់ ១៥៨.១មីលីម៉ែត្រ ដែលនេះជាចំនួនខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៨៨៤។

ជាការឆ្លើយតប អាជ្ញាធរបានចេញការព្រមានអំពីគ្រោះទឹកជំនន់ភ្លាមៗ ខណៈដែលសេវាសង្គ្រោះបន្ទាន់បានចេញប្រតិបត្តិការជួយសង្គ្រោះ នៅតាមផ្នែកខ្លះនៃទីក្រុងហុងកុង។

ទន្ទឹមគ្នា ក្រុមសង្កេតការណ៍បាននិយាយថា អ្នកស្រុកដែលរស់នៅជិតទន្លេ គួរតែប្រុងប្រយ័ត្នចំពោះលក្ខខណ្ឌអាកាសធាតុអាក្រក់ ហើយគួរតែពិចារណាពីការជម្លៀសខ្លួន ប្រសិនបើផ្ទះរបស់ពួកគេត្រូវបានជន់លិច។ បន្ថែមលើនេះ ពួកគេក៏បានព្រមានអំពីការរអិលបាក់ដីផងដែរ ទោះបីជាគិតមកទល់ពេលនេះ នៅពុំទាន់មានអ្នកណាម្នាក់រងរបួស ឬបាត់បង់ជីវិតក៏ដោយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner