ក្រសួងអប់រំ យកចិត្តទុកដាក់បណ្តុះបណ្តាលដល់សិស្សគថ្លង់និងពិការ ភ្នែក
ភ្នំពេញ៖ ក្នុងឱកាសទស្សនកិច្ចការងារ និងជួបសំណេះសំណាល ជា មួយ គណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៅវិទ្យាស្ថានជាតិអប់រំពិសេស និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដើម្បីពិនិត្យមើលពីសកម្មភាព ការងារ បណ្តុះបណ្តាលធនធានគ្រូបង្រៀនអប់រំពិសេស និងពិនិត្យ មើលដំណើរការបង្រៀន និងរៀនសិស្សគថ្លង់ និងពិការភ្នែក កាលពីថ្ងៃទី៧កញ្ញា ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ បានលើកឡើងថា ក្រសួងអប់រំ បានយកចិត្តទុកដាក់ខ្ពស់ ហើយបានខិតខំដោះស្រាយទាំងសម្ភារៈ និងបច្ចេកទេស តាមសំណូមពររបស់វិទ្យាស្ថានជាតិ និងសាលា ធ្វើយ៉ាងណា ឱ្យមាននិរន្តរភាព និងដំណើរការល្អ ក្នុងគោលបំណងរួម គឺដើម្បីកសាងធនធានមនុស្ស ជាពិសេសគិតគូរអំពីអនាគតអ្នកសិក្សា ដែលមានពិការភាពនៅកម្ពុជា ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូនៅទីនេះទាំងអស់ ដែលបានខិតខំយកចិត្តទុក ដាក់ខ្ពស់ ក្នុងការបង្ហាត់បង្រៀនបណ្តុះបណ្តាលបានល្អប្រសើរ ពោរពេញដោយការលះបង់ អត់ធ្មត់ខ្ពស់ ទឹកចិត្តសណ្តោស និងក្តីមេត្តាករុណាដល់សិស្សានុសិស្សគថ្លង់ និងពិការភ្នែក។
សូមជម្រាបថា វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បច្ចុប្បន្នផ្ដល់ការសិក្សា ពិសេស ជូនសិស្សដែលមានបញ្ហាមួយ ចំនួនដូចជាគថ្លង់ និងពិការ ភ្នែកជាដើម។ ការបង្រៀននៅទីតាំងសាលានេះ គឺចាប់ផ្ដើមពីកម្រិត មតេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។ ចំពោះកម្មវិធីសិក្សា គឺស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបកប្រែ និងបោះពុម្ពជាសៀវភៅសញ្ញាសម្រាប់ បង្រៀនសិស្ស គថ្លង់ និងអក្សរប្រៃយ៍ខ្មែរសម្រាប់បង្រៀនសិស្សពិការភ្នែក។ ក្រៅពីនេះទៀត នៅក្នុងកម្មវិធីសិក្សា សាលាបានបញ្ជូលនូវសកម្មភាព កីឡា សិល្បៈ ភ្លេង កុំព្យូទ័រ ភាសាអង់គ្លេស ហាត់ស្តាប់ និយាយ និងបំណិនជីវិតផងដែរ ៕
ដោយ៖រ៉ាវុធ