ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញចូលរួម ក្នុងពិធីបើក សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនា គមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទ អ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣ (CODE-C: Developer Conference and Tech Expo 2023) ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកល វិទ្យាល័យ អាមេរិកាំងភ្នំពេញ(AUPP)។ ពិធីនេះបានប្រារព្ធ នៅព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ព្រមទាំងមានការអញ្ជើញចូល រួមពីថ្នាក់ ដឹកនាំក្រសួង អ្នកអភិវឌ្ឍន៍សុសវែរ អ្នកជំនាញបច្ចេកវិទ្យាឌីជីថល មក ពីក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាបនិកធុរកិច្ចថ្មីឌីជីថល អ្នកផ្ដល់សេវាកម្មឌីជីថល និងសិស្សនិស្សិតជាច្រើនកុះករ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញ ដោយផ្តល់ អាទិភាព លើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដូចបានកំណត់ក្នុងបញ្ចកោណទី៥។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា យើងទាំងអស់គ្នាមានតួនាទីក្នុងការប្រើប្រាស់ជំនាញរបស់យើង ដើម្បី រួមចំណែកក្នុងការសម្រេចបាននូវការងារអាទិភាពរបស់កម្ពុជា ដូចមាន ចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណទី៥។
ស្របជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពី សារសំខាន់ នៃការរៀបចំដើម្បីបង្ហាញពីសក្តានុពល និងពង្រីក ទំនាក់ទំនង រវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធជំរុញ ការរីក ចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។
ក្រសួងបានដាក់ចេញការងារអាទិភាពជាច្រើនរួមមាន ការអភិវឌ្ឍ ធនធានមនុស្ស ការលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញការ ចាប់យកឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំង ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ លើការអភិវឌ្ឍ វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា នៅប៉ុន្មានខែខាងមុខនេះ ក្រសួងនឹង ដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ដែលជាផែនការឆ្ពោះទៅមុខ សម្រាប់លើកកម្ពស់ជំនាញ ឌីជីថល កម្រិតខ្ពស់ និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងសេដ្ឋកិច្ច និងសង្គម ឌីជីថល។
សូមជម្រាបជូនថា CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ប្រមូលផ្តុំអ្នកសរសេរកូដ អ្នកអភិវឌ្ឍន៍ បច្ចេកវិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញវន្តឌីជីថល ព្រមទាំងសិស្សនិស្សិត ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជំរុញការរីក ចម្រើននៃវិស័យឌីជីថលនៅកម្ពុជា៕
ដោយ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា