ឯកឧត្តម ហួត ហាក់៖ វិស័យអធិការកិច្ចជាមូលដ្ឋានសំខាន់ ក្នុងការ ចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ  និងគុណភាពស្ថាប័នសាធារណៈ

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញ ដឹកនាំក្រុមការងារក្រសួង ក្នុងនាមតំណាងរាជរដ្ឋាភិបាល ចូលការពារ សេចក្ដីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច នៅចំពោះមុខគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធាន គណៈកម្មការ និងគណៈកម្មការជំនាញរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាបជូន គណៈកម្មការជំនាញរដ្ឋសភាថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាល យល់ឃើញថា វិស័យអធិការកិច្ចជាមូលដ្ឋានសំខាន់ក្នុងការ ចូលរួម លើកកម្ពស់អភិបាលកិច្ចល្អ  និងគុណភាពស្ថាប័នសាធារណៈ ដើម្បី បង្កើនប្រសិទ្ធភាព ភាពស្អាតស្អំ ពង្រឹងយុត្តិធម៌សេដ្ឋកិច្ច សង្គម និង ការអភិវឌ្ឍជាតិ ហើយត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា ការប្ដូរឈ្មោះ មកក្រសួងអធិការកិច្ច គឺពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាព ប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម។

បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវការពន្យល់ និងមតិបំភ្លឺរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួសមុខឱ្យគណៈ កម្មការ រដ្ឋសភា ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានសម្តែងនូវការគាំទ្រ ទៅលើសេចក្ដីព្រាងច្បាប់នេះទាំងស្រុងដោយពុំមានការកែប្រែ។ គណៈកម្មការទី៦ នឹងធ្វើសំណើទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាពេលខាង មុខ ដោយចាត់ទុកជាការប្រញាប់៕
ដោយ៖ ថេត វិចិត្រ +ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner