ក្រុមប្រទេស G20 គ្រោងនឹងផ្តល់សមាជិកភាពដល់សហភាពអាហ្វ្រ៊ិក

អាហ្រ្វិក៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានចុះផ្សាយថា ក្រុមប្រទេស G20 ដែលជាបណ្ដុំនៃប្រទេសមហាអំណាចសេដ្ឋកិច្ច និងមានឥទ្ធិពលបំផុតនៅលើពិភពលោក គ្រោងនឹងផ្តល់សមាជិកភាពពេញលេញដល់សហភាពអាហ្វ្រ៊ិកដែលមានប្រទេសសមាជិកទាំងអស់ចំនួន ៥៥ ប្រទេស។

ការផ្ដល់សមាជិកភាពនេះនឹងលើកកម្ពស់សហភាពអាហ្រ្វ៊ិកទៅជាប្លុកមួយដែលមានឋានៈស្មើនឹងសហភាពអឺរ៉ុបតែម្ដង។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបគឺជាប្លុកក្នុងតំបន់តែមួយគត់ដែលមានសមាជិកភាពពេញលេញនៅក្នុងចំណោមក្រុមប្រទេស G20 ខណៈដែលសហភាពអាហ្រ្វ៊ិកវិញ ត្រូវបានចាត់ថ្នាក់ថាជាអង្គការអន្តរជាតិដែលត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសនៅក្នុងកិច្ចប្រជុំកំពូល G20 តែប៉ុណ្ណោះ។

មន្ត្រីតំណាងសហភាពអាហ្វ្រ៊ិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា សហភាពអាហ្វ្រ៊ិកកំពុងក្លាយទៅជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រទេស G20។
យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់មកពីប្រទេសអាហ្វ្រ៊ិកខាងត្បូងដែលជាសមាជិក G20 បាននិយាយថា ព័ត៌មានលម្អិតអំពីការដាក់បញ្ចូលសហភាពអាហ្វ្រ៊ិកទៅក្នុង G20 នៅតែស្ថិតក្រោមការពិភាក្សានៅឡើយ ប៉ុន្តែអាចនឹងត្រូវបានបញ្ចប់ទៅនៅថ្ងៃសុក្រនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា អាចនឹងមានប្រទេសដែលបោះឆ្នោតប្រឆាំងនឹងការផ្ដល់សមាជិកភាពមួយនេះ ប៉ុន្តែលោកមិនប្រាកដនោះទេថាតើការសម្រេចចិត្តនេះនឹងត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាចុងសប្តាហ៍នេះឬក៏យ៉ាងណានោះទេ។

ទន្ទឹមនឹងនេះ យោងតាមប្រភពចំនួនពីររូបមកពីឥណ្ឌាដែលសុំមិនបញ្ចេញឈ្មោះដូចគ្នា បានប្រាប់សារព័ត៌មានរ៉យទ័រថា សមាជិកភាពរបស់សហភាពអាហ្វ្រ៊ិក នឹងត្រូវបានគេសម្រេចជាផ្លូវការនៅឆ្នាំក្រោយ ពោលគឺនៅពេលដែលប្រទេសប្រេស៊ីលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 បន្ទាប់ពីឥណ្ឌា។ ប្រភពដដែលបានរំលេចថា គ្មានការជំទាស់ទៅនឹងការផ្ដល់សមាជិកភាពនេះ ពីសំណាក់សមាជិកណាមួយឡើយ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានសរសេរលិខិតទៅកាន់មេដឹកនាំនៃក្រុមប្រទេស G20 កាលពីខែមិថុនាថា នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនៅរដ្ឋធានីញូវដេលីនេះ សហភាពអាហ្វ្រ៊ិកនឹងត្រូវបានផ្តល់ឱ្យនូវសមាជិកភាពពេញលេញ និងជាអចិន្ត្រៃយ៍នៅក្នុងប្លុក G20។

គួររំឭកថា កាលពីថ្ងៃព្រហស្បតិ៍ មានអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅទូទាំងកាសែតក្នុងស្រុកនៅប្រទេសឥណ្ឌា និងអន្តរជាតិ ដោយដកស្រង់សំណេររបស់លោក ម៉ូឌី ថា «តំណែងជាប្រធានាធិបតីរបស់យើងនៅឆ្នាំនេះ មិនត្រឹមតែបានឃើញការចូលរួមដ៏ច្រើនបំផុតពីបណ្តាប្រទេសអាហ្វ្រ៊ិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញឱ្យមានការដាក់បញ្ចូលសហភាពអាហ្វ្រ៊ិកជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រទេស G20 ទៀតផង»។

គួរបញ្ជាក់ថា ក្រុមប្រទេស G20 បច្ចុប្បន្នមានប្រទេសចំនួន ១៩ និងសហភាពអឺរ៉ុបមួយ។ ក្រុមប្រទេស G20 នេះ មានទំហំផលិតផលក្នុងស្រុកសរុបប្រហែលជា ៨៥ភាគរយ នៃពិភពលោក និងមានទំហំពាណិជ្ជកម្មច្រើនជាង ៧៥ភាគរយ នៃពាណិជ្ជកម្មសរុបរបស់ពិភពលោក ហើយមានប្រហែលជា ២ ភាគ ៣ នៃចំនួនប្រជាជនពិភពលោក។

អាហ្រ្វ៊ិកខាងត្បូងដែលបានគាំទ្រការចូលជាសមាជិករបស់សហភាពអាហ្រ្វ៊ិក បានបដិសេធក្នុងការផ្ដល់ការអត្ថាធិប្បាយបន្ថែមនៅមុនកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែកញ្ញានេះ។ អ្នកនាំពាក្យប្រធានាធិបតីអាហ្រ្វ៊ិកខាងត្បូង លោក វីនសេន ម៉ាវ៉េនយ៉ា (Vincent Magwenya) បានឆ្លើយតបថា «យើងនឹងមិនធ្វើអត្ថាធិប្បាយអ្វីនោះទេនៅពេលនេះ ដោយយើងត្រូវរង់ចាំរហូតដល់ការប្រកាសជាផ្លូវការ ឬក្រោយកិច្ចប្រជុំកំពូលបានបញ្ចប់ទៅ»។

គួរកត់សម្គាល់ថា បណ្តាប្រទេសនានា ដូចជាប្រទេសអាល្លឺម៉ង់ ប្រេស៊ីល អាហ្រ្វ៊ិកខាងត្បូង និងកាណាដាជាដើម ក៏បានសម្តែងការគាំទ្រចំពោះការផ្ដល់សមាជិកភាពដល់សហភាពអាហ្វ្រ៊ិកនេះផងដែរ៕ ប្រែសម្រួលដោយ៖ ធា សុណា

ads banner