ពលរដ្ឋចិនប្រតិកម្មប្រឆាំងនឹងសេចក្តីព្រាងច្បាប់ហាមឃាត់សម្លៀកបំពាក់ដែលប៉ះពាល់ដល់គុណតម្លៃចិន
ប៉េកាំង៖ អ្នកជំនាញផ្នែកច្បាប់បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសំណើវិសោធនកម្មទៅលើច្បាប់ស្ដីពីសន្តិសុខសាធារណៈរបស់ចិន ក្នុងការចាត់វិធានការដាក់ទោសទៅលើការបញ្ចេញមតិ សម្លៀកបំពាក់ ឬនិមិត្តសញ្ញាដែលបន្ទាបគុណតម្លៃនៃស្មារតីជាតិ ឬប៉ះពាល់ដល់មុខមាត់របស់ប្រទេស។ ពួកគេបានលើកឡើងនូវក្ដីកង្វល់ថា វិសោធនកម្មច្បាប់ថ្មីទាំងនេះអាចនឹងត្រូវបានយកទៅអនុវត្តក្នុងលក្ខណៈស្រពេចស្រពិល និងដោយបំពាន។
សំណើកែប្រែច្បាប់នេះបានដាក់ចេញកាលពីសប្តាហ៍មុន ដើម្បីធ្វើការស្វែងយល់អំពីការយល់ឃើញ ក៏ដូចជាប្រតិកម្មរបស់អ្នកជំនាញ និងមហាជនទូទៅ។ សំណើកែប្រែច្បាប់នេះផងដែរ ធ្វើឡើងចំពេលដែលមានការព្រួយបារម្ភអំពីភាពជាអ្នកដឹកនាំផ្តាច់ការ និងជាតិនិយមកាន់តែខ្លាំងឡើងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។
នៅក្នុងសប្តាហ៍នេះអ្នកជំនាញផ្នែកច្បាប់ និងអ្នកសរសេរប្លុកជាច្រើន បានសរសេរអត្ថបទវិចារណកថា និងបង្ហោះនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអំពាវនាវឱ្យដកចេញមាត្រាមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នេះ។ អ្នកជំនាញផ្នែកច្បាប់ និងអ្នកធ្វើអត្ថាធិប្បាយក៏បានលើកទឹកចិត្តពលរដ្ឋចិន ឱ្យចូលរួមផ្ដល់មតិយោបល់របស់ពួកគេជុំវិញសេចក្តីព្រាងច្បាប់នេះ។ គិតរហូតមកដល់ពេលនេះ មានមនុស្សប្រមាណជាជាង ៣៩.០០០ នាក់ហើយដែលបានបញ្ចេញមតិយោបល់របស់ពួកគេ តាមរយៈគេហទំព័ររបស់សភាប្រជាជាតិចិន (NPC)។
លោក តុង ជឺវៃ (Tong Zhiwei) អ្នកជំនាញផ្នែកស្រាវជ្រាវធម្មនុញ្ញនៅសាកលវិទ្យាល័យចិនខាងកើតនៃច្បាប់ និងវិទ្យាសាស្ត្រនយោបាយ (East China University of Political Science and Law) បានសរសេរនៅលើគណនីបណ្តាញសង្គម វៃប៉ូ (Weibo) របស់លោកថា «តើនរណាជាអ្នកបញ្ជាក់ពីស្មារតីនៃប្រជាជាតិចិន និងបញ្ចាក់ដោយនីតិវិធីបែបណា? តើអ្នកណាជាអ្នកទទួលស្គាល់គុណតម្លៃនៃសេចក្ដីស្នេហាប្រជាជាតិចិន និងទទួលស្គាល់ដោយនីតិវិធីបែបណា?»
លោក តុង បានបន្ថែមថា «ប្រសិនបើគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាប្រជាជាតិចិន អនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់នេះ នោះការអនុវត្តច្បាប់នៅប្រព័ន្ធតុលាការ នឹងជួបផលវិបាកជាក់ស្តែង ពោលគឺការចាប់ខ្លួន និងផ្តន្ទាទោសមនុស្សទៅតាមឆន្ទៈរបស់ប្រធាន ហើយនឹងប៉ះពាល់ទៅដល់ប្រជាពលរដ្ឋជាច្រើននាក់ដោយឥតឈប់ឈរ»។
យ៉ាងណាក៏ដោយ គណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាចិន មិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
ទន្ទឹមនឹងនេះ មនុស្សជាច្រើនបានចូលទៅកាន់បណ្តាញសង្គមចិន ហើយបានលើកឡើងអំពីការព្រួយបារម្ភរបស់ពួកគេថា ការកែប្រែច្បាប់នេះអាចនាំឱ្យមានការរឹតត្បិតសិទ្ធិរបស់ពលរដ្ឋបន្ថែមទៀត។
អ្នកប្រើប្រាស់បណ្ដាញសង្គម វៃប៉ូ (Weibo) ម្នាក់បានសរសេរថា «នៅថ្ងៃនេះគេអាចហាមឃាត់អ្នកមិនឱ្យស្លៀកសម្លៀកបំពាក់ណាមួយ នៅថ្ងៃស្អែកគេអាចហាមឃាត់អ្នកមិនឱ្យនិយាយ ហើយនៅថ្ងៃក្រោយទៀតគេអាចហាមឃាត់អ្នកមិនឱ្យគិតតែម្ដង»។
យោងតាមកាសែត Global Times បានរាយការណ៍ថា «ច្បាប់ដាក់ទណ្ឌកម្មផ្នែករដ្ឋបាលសន្តិសុខសាធារណៈ ឆ្នាំ២០០៥ ដែលភាគច្រើនគ្របដណ្តប់លើបទល្មើសតូចតាច កំពុងត្រូវបានកែសម្រួលដើម្បីពង្រីកវិសាលភាពនៃការអនុវត្តទោសឱ្យបានកាន់ទូលំទូលាយ ស្របទៅតាមស្ថានភាពសង្គមបច្ចុប្បន្ន»។ ប៉ុន្តែ កាសែតនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារនៃច្បាប់នេះនោះទេ៕ ប្រែសម្រួលដោយ៖ ធា សុណា