ក្រសួងអប់រំ បង្កើតឱ្យមានការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរទិវាគ្រូបង្រៀនឆ្នាំនេះ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យមានសកម្មភាពប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យដើម្បីអបអរសាទរទិវាគ្រូបង្រៀននៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ និងជាផ្នែកមួយជួយពង្រឹងសមត្ថភាពអប់រំលើវិស័យតែងនិពន្ធ និងស្មូតកំណាព្យដល់សិស្សានុសិស្ស និងគ្រូផងដែរ។
សេចក្តីណែនាំរបស់ក្រសួងអប់រំកាលថ្ងៃទី ៦ ខែកញ្ញា បានឱ្យដឹងថា ដើម្បីប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០២៣ ឱ្យបានទូលំទូលាយ និងអធិកអធម ក្រសួងសូមធ្វើការណែនាំឱ្យមានការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ ដែលត្រូវរៀបចំឡើងទាំងនៅថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់ជាតិ។
ក្រសួងបន្តថា៖«ការប្រឡងប្រណាំងនេះ គឺត្រូវតែជ្រើសរើស គ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីចូលរួមប្រឡងប្រណាំងការតែងនិពន្ធ ពានរង្វាន់ សម្តេចព្រះសង្ឃរាជ ជួន ណាត់ និងប្រឡងប្រណាំងស្មូតកំណាព្យ ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ក្រោមប្រធានបទ«គ្រូបង្រៀនជាសសរស្ដម្ភនៃកំណែទម្រង់សាលារៀន ឆ្ពោះទៅរកឧត្តមភាព»។
បន្ថែមពីនេះ សម្រាប់កម្រិតថា្នក់ក្រោមជាតិ ក្រសួងអប់រំ បានប្រកាសឱ្យមន្ទីរអប់រំរាជធានី ខេត្តទាំងអស់ ត្រូវណែនាំដល់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ខណ្ឌ ក្រុង និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ឱ្យរៀបចំការប្រឡងប្រណាំងដែលមានពីរដំណាក់កាល។
ដំណាក់កាលទី១ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធ ដើម្បីកំណត់ពេលវេលារៀបចំ ជ្រើសរើសយកបេក្ខជនជាប់ចំណាត់ថ្នាក់លេខ១ ទាំងពីរវិញ្ញាសា (តែងនិពន្ធ និងស្មូតកំណាព្យ) ជាបេក្ខភាពទៅប្រឡងប្រណាំងនៅថ្នាក់រាជធានី ខេត្ត បន្តទៀតដោយមានការផ្ដល់រង្វាន់លើកទឹកចិត្តទៅតាមលទ្ធភាពជាក់ស្ដែង។
ដំណាក់កាលទី២ គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ ត្រូវសហការជាមួយ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍ និងមន្ត្រីជំនាញ នៃមន្ទីរដែលពាក់ព័ន្ធ ក្នុងការរៀបចំប្រឡង ប្រណាំងជ្រើសរើសបេក្ខជនចំណាត់ថ្នាក់លេខ១ ទាំងពីរវិញ្ញាសាជាបេក្ខភាពប្រឡងប្រណាំងយកជយលាភីថ្នាក់ជាតិ ដោយមានការផ្តល់រង្វាន់លើកទឹកចិត្តទៅតាមលទ្ធភាពជាក់ស្ដែង។
ចំពោះដំណើរការប្រឡងប្រណាំងជ្រើសរើសបេក្ខភាពនៅថ្នាក់រាជធានី ខេត្តនេះ ត្រូវរៀបចំឱ្យបានរួចរាល់ ជាកំហិត ត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ដោយឡែកសម្រាប់កម្រិតថា្នក់ជាតិវិញ ការប្រឡងប្រណាំង និងការវាយតម្លៃថ្នាក់ជាតិនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ទី៤ ខែតុលាឆ្នាំ២០២៣ នៅក្នុងបរិវេណអគាររដ្ឋបាលថ្មី(ជាន់ទី១)របស់ក្រសួងអប់រំ។ ចំពោះ ការប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ដល់ជយលាភីលេខ១ លេខ២ និងលេខ៣ លើ វិញ្ញាសាទាំងពីរនឹងប្រព្រឹត្តទៅក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀន នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ជុំវិញរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជាបានថ្លែងនៅថ្ងៃទី៧ ខែកញ្ញាថា លោកគាំទ្រចំពោះសកម្មភាពប្រឡងប្រណាំងផ្សេងរបស់ក្រសួងដើម្បីអបអរគ្រូបង្រៀន និងការអប់រំនៅកម្ពុជា ពិសេសពង្រឹងសមត្ថភាពអប់រំលើវិស័យតែងនិពន្ធ និងស្មូតកំណាព្យរបស់សិស្ស។
លោក គង់ សំនៀង បន្តថា៖« សកម្មភាពប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យនេះ នឹងផ្តល់ផលចំណេញសំខាន់ៗចំនួន២ ។គឺទី១ ជួយបំផុសសិស្ស និងគ្រូឱ្យខិតខំស្រាវជ្រាវលើការតែងនិពន្ធ និងស្មូតកំណាព្យឱ្យបានស៊ីជម្រៅ និងទី២ នឹងផ្តល់ផលចំណេញដល់វិស័យអប់រំកម្ពុជា តាមរយៈការរំលេចចេញពីគុណតម្លៃរបស់គ្រូបង្រៀនរបស់យើង»។
ក្រសួងអប់រំបានឱ្យដឹងដែរថា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរអប់រំ យុវជន និង កីឡា រាជធានី ខេត្ត ត្រូវបង្កើតគណៈកម្មការជ្រើសរើសបេក្ខជនជយលាភី និងអនុគណៈកម្មការវាយតម្លៃដាក់ពិន្ទុការប្រឡងប្រណាំងតែងនិពន្ធ ព្រមទាំងអនុគណៈកម្មការវាយតម្លៃដាក់ពិន្ទុ ប្រឡងប្រណាំងស្មូតកំណាព្យផងដែរ៕ ដោយ៖ បូរ ពេជ្យហ្សាលីន