ក្រសួងអប់រំឡាវ ក្រើនរំឭកសិស្សឱ្យមានការប្រុងប្រយ័ត្ន អំពីអាហារូបករណ៍ក្លែងក្លាយសិក្សានៅក្រៅប្រទេស

ឡាវ៖ ក្រសួងអប់រំ និងកីឡា (MOES)នៃប្រទេសឡាវ បានព្រមានសាធារណៈជនកាលពីសប្តាហ៍មុន ឱ្យប្រយ័ត្នអំពីអាហារូបករណ៍ក្លែងក្លាយ ដែលផ្តល់ជូនដើម្បីទៅសិក្សានៅប្រទេសចិន និងវៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times នៅថ្ងៃព្រហស្បតិ៍នេះ។

ការព្រមានរបស់ក្រសួងធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួន បានបង្ហោះផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីអាហារូបករណ៍ ដែលគេអះអាងថាផ្ដល់មកពីក្រុមប្រឹក្សាអាហារូបករណ៍ចិន (CSC) និងរដ្ឋាភិបាលវៀតណាម។

MOES បានបញ្ជាក់ថា គ្មានអាហារូបករណ៍ដែលផ្តល់ដោយក្រុមហ៊ុនឯកជន ឬបុគ្គលណាមួយ ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលនោះទេ ហើយនាយកដ្ឋានកិច្ចការនិស្សិតរបស់ MOES មានឆន្ទៈក្នុងការជួយកំណត់អាហារូបករណ៍ក្លែងក្លាយ ដើម្បីចៀសវាងការដាក់ពាក្យស្នើសុំ។

ក្រសួងមិនទាន់បញ្ជាក់ច្បាស់ថាតើអាហារូបករណ៍ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងនោះ ជាការពិត ឬគ្រាន់តែជាការឆបោកនោះទេ។ បន្ថែមពីលើនេះ កាសែត Vientiane Times បានរាយការណ៍ផងដែរថា ក្រសួងបានព្រមានឱ្យសិស្សមានការប្រុងប្រយ័ត្ន នៅពេលដាក់ពាក្យស្នើសុំជំនួយហិរញ្ញវត្ថុក្នុងទម្រង់បែបណាមួយ ដែលមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាល។

មន្ត្រីជាន់ខ្ពស់មកពី MOES បាននិយាយប្រាប់ Laotian Times ថា ប្រទេសចិនផ្តល់អាហារូបករណ៍ដល់សិស្សឡាវជារៀងរាល់ឆ្នាំ ជាពិសេសតាមរយៈ CSC ដែលជាអង្គការមិនរកប្រាក់ចំណេញផ្នែកអប់រំរបស់ចិន ដែលគាំទ្រលើកម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិជាមួយចិន។

ប្រភពដដែលបន្ថែមថា អាហារូបករណ៍ទាំងនេះ អាចផ្សព្វផ្សាយ និងស្នើសុំតាមរយៈក្រសួងតែប៉ុណ្ណោះ មិនមែនតាមរយៈអាជីវកម្មឯកជន ឬបុគ្គលនោះទេ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner