ក្រសួងទេសចរណ៍ណែនាំម្ចាស់អាជីវកម្ម និងអ្នកផ្តល់សេវាកម្ម កំណត់តម្លៃផលិតផលឱ្យបានសមរម្យក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ
ភ្នំពេញ៖ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅពាក់កណ្តាលខែតុលាខាងមុខនេះ ក្រសួងទេសចរណ៍ បានណែនាំឱ្យមន្ទីរទេសចរណ៍រាជធានីខេត្តធ្វើការសហការជាមួយនឹងអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យផងដែរ។
ការណែនាំនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម សុខ សូកេន តាមរយៈសារាចរណែនាំដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។
តាមរយៈសារាចរនេះបានលើកឡើងថា ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣-១៤ និង១៥ ខែតុលា មន្ទីរទេសចរណ៍រាជធានីខេត្តត្រូវសហការជាមួយស្ថាប័ន និងអ្នកពាក់ព័ន្ធពិនិត្យមើលពីផលិតផល និងសេវាកម្មទេសចរណ៍នានាឱ្យបានត្រឹមត្រូវ។រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
សារាចរប្រាប់ដល់ឱ្យគ្រប់មន្ទីរទេសចរណ៍ទាំងអស់ ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីណែនាំ ម្ចាស់មូលដ្ឋានអាជីវកម្ម អ្នកលក់ដូរតាមដងផ្លូវ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពីសុវត្ថិភាពចំណីអាហារ និងការថែរក្សាអនាម័យទាំងអស់គ្នា។
តាមរយៈសារាចរនេះដែរបានបញ្ជាក់ថា ៖ «ត្រូវធ្វើការណែនាំម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា»។
សូមបញ្ជាក់ផងដែរថា រៀងរាល់ឆ្នាំក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្រសួងទេសចរណ៍តែងតែចេញសារាចរណែនាំពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ដោយតម្រូវឱ្យរក្សាតម្លៃផលិតផល និងសេវាកម្មបានសមរម្យ៕ ដោយ៖ នាង សុគន្ធា