សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបជាមួយកម្មករ និយោជិតជាបន្តបន្ទាប់ទៀត មិនមែនជួបត្រឹមតែ ១០កម្មវិធីទេ
(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា សម្ដេចនឹងជួបជាមួយកម្មករ និយោជិតជាបន្តបន្ទាប់ទៀត មិនមែនជួបត្រឹមតែ ១០កម្មវិធីទេ ហើយក៏នឹងជួបជាមួយអ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្តេចធិបតី បានមានប្រសាសន៍ថា ៖ ជំនួបជាមួយកម្មករ និយោជិត មិនត្រឹមតែ១០កម្មវិធីទេ គឺនឹងជួបជាបន្តបន្ទាប់ទៀត ហើយក៏នឹងជួបជាមួយអ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ នាពេលខាងមុខ ក្នុងគោលបំណង ដើម្បីទទួលបាន ព័ត៌មានមួយច្បាស់លាស់ ពាក់ព័ន្ធការរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតនេះ បានបង្ហាញឱ្យឃើញពីការស្រឡាញ់របស់ប្រជាពលរដ្ឋចំពោះសម្តេចតេជោ ហ៊ុនសែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចបន្តថា ក្នុងឋានៈជាអ្នកដឹកនាំប្រទេសដែលកើតចេញពីការគាំទ្រ របស់ប្រជាពលរដ្ឋនោះ សម្តេចនឹងប្រឹងប្រែងបម្រើជាតិ និងប្រជាពលរដ្ឋ អោយបានល្អ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ ទិត្យ
