ឯកឧត្តម ផន ផល្លា៖ «មណ្ឌលមែកឈើ» ទោះបីអត់ដើម តែបានក្លាយជាជម្រកមួយ ផ្ទះមួយ ផ្តល់ភាពកក់ក្តៅជូនកុមារកំព្រាគ្មានទីពឹង
(ភ្នំពេញ)៖ ឯកឧត្តម ផន ផល្លា ប្រធានមណ្ឌលមែកឈើ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្មេងកំព្រាគ្មានទីពឹងចំនួន១៥៧នាក់ ដោយសារតែឪពុកម្ដាយស្លាប់ចោល ឬបោះបង់ចោល ត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ដោយមណ្ឌលមែកឈើ ព្រមជាមួយការផ្គត់ផ្គង់ហូបចុកស្នាក់នៅ និងទទួលបានការសិក្សារយៈពេលវែងដូចកុមារដទៃទៀតដែរ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានការចូលរួមពីលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល និងក្រុមហ៊ុន Midass បានធ្វើការងារសប្បរសធម៌ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាជូនដល់ក្មេងកំព្រាគ្មានទីពឹងទាំង១៥៧នាក់នៅមណ្ឌលមែកឈើ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ឯកឧត្តម ផន ផល្លា បានឱ្យដឹងទៀតថា មណ្ឌលមែកឈើ បង្កើតឡើងរយៈពេល៣៩ឆ្នាំ តាំងពីឆ្នាំ១៩៩៤ ដោយបានទទួលចិញ្ចឹមកុមារកំព្រាជាង៧០០នាក់ សុទ្ធតែទទួលបានការទំនុកបម្រុងឱ្យសិក្សារហូតដល់ចប់មហាវិទ្យាល័យ ទៅតាមជំនាញរៀងៗខ្លួន និងចិញ្ចឹមខ្លួនឯងបាន។
ឯកឧត្តម ផន ផល្លា បានបន្ថែមថា មណ្ឌលមួយនេះ ភាគច្រើនទទួលបានការឧបត្ថម្ភពីសប្បុរសជនក្រៅប្រទេស ដូចជា គ្រួសារមួយនៅសហរដ្ឋអាមេរិក អង្គការ Happy Tree នៅហុងកុង អូស្រ្តាលី ហើយឥឡូវនេះគឺទទួលបានជំនួយក្នុងស្រុកពីប្រជាពលរដ្ឋខ្មែរ ក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាល។
ទោះបីយ៉ាងណា ឯកឧត្តមអះអាងថា មណ្ឌលមែកឈើ បានក្លាយជម្រកមួយ ជាផ្ទះមួយសម្រាប់កុមារកំព្រា។ លោកថា «ពួកគេទាំងអស់មានអារម្មណ៍ថា ទីនេះខ្ញុំមានផ្ទះនឹងគេដែរ ខ្ញុំមានគ្រួសារនឹងគេដែរ ហើយមានអាហារគ្រប់គ្រាន់ ពេលឈឺមានការព្យាបាល នៅផ្ទះកូនៗត្រូវបានបញ្ជូនឱ្យបានចូលរៀនដូចៗគ្នា នេះជាទិសដៅរបស់យើងសម្រាប់អនាគតពួកគាត់»។
ដោយឡែក លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល និងតំណាងក្រុមហ៊ុន Midass បានបង្ហាញឆន្ទៈរួមគ្នាគាំទ្រកម្មវិធីរបស់ឯកឧត្តម ផន ផល្លា រត់ដើម្បីអាហាររបស់ក្មេងៗកុមារកំព្រាពេញមួយឆ្នាំ ក្នុងនោះក្រុមហ៊ុន Midass បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាឧបត្ថម្ភដល់កុមារកំព្រាគ្មានទីពឹង នៅមណ្ឌលមែកឈើ ដើម្បីជួយសម្រួលដល់ជីវភាពខ្លះៗ។
ទាំងឯកឧត្តម ផន ផល្លា ទាំងលោក ហុង ពិសិដ្ឋ និងតំណាងក្រុមហ៊ុន Midass សុទ្ធតែបានអំពាវដល់សប្បុរសជនជិតឆ្ងាយសូមចូលរួមគាំទ្រជាថវិកាក្ដី សម្ភារសិក្សាក្ដី គ្រឿងឧបភោគបរិភោគក្ដី ដើម្បីបន្តការផ្គត់ផ្គង់ដល់ក្មេងៗជាកុមារកំព្រានៅមណ្ឌលមែកឈើ សំដៅជួយកសាងអនាគតពួកគេឱ្យក្លាយជាពលរដ្ឋល្អ មានការសិក្សាអប់រំ និងមានសមត្ថភាពចូលរួមកសាងប្រទេសតទៅជំនាន់ក្រោយៗ៕ ចាន់ វិចិត្រ