ប្រមុខអង្គការសហប្រជាជាតិ៖ សង្គ្រាមអ៊ុយក្រែនមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ
អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៨ ខែកញ្ញាថា រុស្ស៊ី និងអ៊ុយក្រែនបានសម្រេចចិត្តដោះស្រាយជម្លោះ តាមរយៈការប្រើកម្លាំងយោធានៅលើសមរភូមិ។
លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានគូសបញ្ជាក់ថា ដោយសារតែរុស្ស៊ី និងអ៊ុយក្រែនកំណត់គោលដៅឈ្នះសង្គ្រាមដោយប្រើកម្លាំងយោធានោះ ដូច្នេះគ្មានសង្ឃឹមទេ ចំពោះដំណោះស្រាយបញ្ចប់ជម្លោះនេះភ្លាមៗ ដោយសន្តិវិធីនាពេលអនាគត។
ប្រមុខអង្គការសហប្រជាជាតិបានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយ នៅមុនកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា យ៉ាងដូច្នេះថា ខ្ញុំមិនសង្ឃឹមថា យើងនឹងមានដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននាពេលអនាគតភ្លាមៗនោះទេ… ខ្ញុំគិតថា ភាគីទាំងពីរ (រុស្ស៊ី និងអ៊ុយក្រែន) នៅតែសម្រេចចិត្តអូសបន្លាយជម្លោះបន្តទៅមុខទៀត។
ទោះបីជាយ៉ាងណា រុស្ស៊ីបានអះអាងថា ខ្លួនបើកចំហរចំពោះដំណោះស្រាយការទូតដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ មិនគួរតម្រូវឱ្យទឹកដីថ្មីដែលរុស្ស៊ីកាន់កាប់ ប្រគល់ត្រលប់ទៅឱ្យអ៊ុយក្រែនវិញឡើយ។ លើសពីនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បាននិយាយថា ការចរចានឹងត្រូវធ្វើឡើង តែមិនមែនជាមួយលោក ហ្សេលេនស្គី ដែលជាអាយ៉ងក្នុងដៃលោកខាងលិចនោះទេ ប៉ុន្តែគឺជាការចរចាដោយផ្ទាល់ជាមួយចៅហ្វាយនាយរបស់ពួកគេ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា