អ្នកជំនាញសុខភាពព្រមានថា ពលរដ្ឋម៉ាឡេស៊ី គួរតែចាត់វិធានការបង្ការផ្សែងអ័ព្ទ ដែលប៉ះពាល់ដល់សុខភាព
គូឡាឡាំពួរ៖ អ្នកជំនាញសុខភាពបាននិយាយថា ការបំពុលដោយផ្សែងអ័ព្ទនៅក្នុងប្រទេសម៉ាឡេស៊ី គឺជាហេតុផលព្រួយបារម្ភអំពីសុខភាពសាធារណៈ ហើយប្រជាជនម៉ាឡេស៊ីគួរតែយល់ពីហានិភ័យសុខភាព ដែលទាក់ទងនឹងវា និងចាត់វិធានការបង្ការប្រកបដោយប្រសិទ្ធភាព។
វេជ្ជបណ្ឌិត Kow Ken Siong ទីប្រឹក្សាផ្នែកជំងឺផ្លូវដង្ហើម និងផ្នែកជំងឺខាងក្នុងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway បាននិយាយថា ការប៉ះពាល់នឹងគុណភាពខ្យល់មិនល្អ អាចនាំឱ្យកើតជំងឺផ្លូវដង្ហើម មានដូចជាជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) ជំងឺរលាកសួត និងមហារីកសួតជាដើម។
លោកវេជ្ជបណ្ឌិតបន្តថា ការបំពុលបរិយាកាស រួមទាំងផ្សែងអ័ព្ទត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់មុនអាយុ, ការឆ្លងមេរោគ និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលជាមូលហេតុចម្បងទីបីនៃករណីមនុស្សស្លាប់នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩។
លោកវេជ្ជបណ្ឌិតបន្ថែមថា ក្នុងអំឡុងពេលគុណភាពខ្យល់មិនល្អ ប្រជាជនម៉ាឡេស៊ីគួរតែចាត់វិធានការបង្ការ ដូចជាការស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយរួមបញ្ចូលការប្រើប្រាស់ម៉ាស៊ីនបន្សុតខ្យល់ដែលមានគុណភាពខ្ពស់ ជាមួយនឹងតម្រងខ្យល់ភាគល្អិតដែលមានប្រសិទ្ធភាពខ្ពស់ (Hepa) និងការរក្សាជាតិទឹកនៅទូទាំងតំបន់៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

