ថៃជាប់ចំណាត់ថ្នាក់ទី២៩ ជាប្រទេសល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣
បាងកក៖ ថៃបានជាប់ចំណាត់ថ្នាក់ទី ២៩ ក្នុងចំណោមប្រទេសចំនួន ៨៧ ជាប្រទេសល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣ នេះបើយោងតាមបញ្ជីដែលរៀបចំដោយសារព័ត៌មាន US News & World Report។
ស្វីស គឺជាប្រទេសជាប់ចំណាត់ថ្នាក់ល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣ បន្ទាប់មក គឺកាណាដា ស៊ុយអែត អូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ នូវែលសេឡង់ អង់គ្លេស និងហូឡង់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។
ចំណែកនៅក្នុងចំណោមប្រទេសអាស៊ានវិញ សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ១៦, ម៉ាឡេស៊ីទី៣៨ ឥណ្ឌូនេស៊ីទី៤១ ហ្វីលីពីនទី៤៣ វៀតណាមទី៤៤ កម្ពុជាទី៦៤ និងមីយ៉ាន់ម៉ាទី៨០។ រីឯអ៊ីរ៉ង់ស្ថិតនៅចំណាត់ថ្នាក់បាតតារាងក្នុងឆ្នាំ ២០២៣នេះ ហើយបន្ទាប់មកគឺបេឡារុសទី ៨៦ ខណៈដែលលីបង់, កាហ្សាក់ស្ថាន, អ៊ូសបេគីស្ថាន, ស៊ែប៊ី, ហុងឌូរ៉ាស, មីយ៉ាន់ម៉ា, អាល់ហ្សេរី, និងកាមេរូនជាប់ចំណាត់ថ្នាក់ទី ៧៨។
US News & World Report គឺជាសារព័ត៌មានបោះពុម្ពផ្សាយព័ត៌មាន, ដំបូន្មាន,អ្នកប្រើប្រាស់, ចំណាត់ថ្នាក់ និងការវិភាគជាដើម។ ហើយរបាយការណ៍ខាងលើនេះ ត្រូវបានចងក្រងឡើងដោយផ្អែកលើការស្ទង់មតិលើមនុស្សជាង ១៧,០០០នាក់មកពីជុំវិញពិភពលោកនៅចន្លោះខែមីនា និងខែមិថុនា៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

