នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបជាមួយបណ្តាមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ក្នុងពេលចូលរួមកិច្ចប្រជុំមហាសន្និបាទអង្គការសហប្រជាជាតិនាពេលខាងមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ដំណើរទៅកាន់សហរដ្ឋអាមេរិករបស់សម្តេចនៅចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចនឹងជួបជាមួយបណ្តាមន្ត្រីជាន់ខ្ពស់ និងអ្នកធុរកិច្ចរបស់អាមេរិក ដើម្បីបញ្ជាក់ជំហរនយោបាយលើបញ្ហាអន្តរជាតិ ក៏ដូចជាការបើកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម របស់កម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសសម្តេចជួបជាមួយនឹងកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅថ្មីៗនេះ ។

សម្តេចធិបតី ថ្លែងនាឱកាសនោះថា ៖ «ពេលខ្ញុំទៅប្រជុំ UN នៅថ្ងៃទី២០ជាង ខាងមុខនេះ ត្រូវជួបជាមួយថ្នាក់ដឹកនាំ អគ្គលេខាធិការអង្គការសហប្រជាជាតិ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក អ្នកធុរកិច្ចអាមេរិក និងមន្ត្រីមួយចំនួនទៀត ដើម្បីបញ្ជាក់ជំហរ និងការទំនាក់ទំនងរបស់យើង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ «បញ្ជាក់ឱ្យច្បាស់ថា ប្រទេសយើងមិនធំទេ តែក៏ជាប្រទេសមិនតូចដែរ ប៉ុន្តែសំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា សំឡេងរបស់កម្ពុជា គឺជាប្រទេសមួយឯករាជ្យ អធិបតេយ្យភាព និងមានអំណាច និងស្មើភាព ជាមួយបណ្តាប្រទេសផ្សេងៗ។ អញ្ចឹងគ្រប់គោលនយោបាយរបស់កម្ពុជា ត្រូវតែបញ្ចេញឱ្យអន្តរជាតិដឹង»។

សូមបញ្ជាក់ផងដែរថា លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ ខែកញ្ញា បានផ្ញើលិខិតអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ លោក អាន់តូនីញ៉ូ បានបញ្ជាក់តាមរយៈលិខិតថា កម្ពុជាគឺជាដៃគូដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិ ហើយលោកទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់លោក ជាមួយរដ្ឋាភិបាលរបស់កម្ពុជា ដើម្បីបន្តការរីកចម្រើនរបស់ប្រទេសអ្នកឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្តម ប៉ែន បូណា មន្រ្តីនាំពាក្យរបស់រដ្ឋាភិបាល បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញាដែរថា ដំណើរទ ស្សនកិច្ចរបស់ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងប្រជុំមហាសន្និបាទអង្គការសហប្រជាជាតិនាពេលខាងមុខនេះ គឺជាវត្តមានលើកតំបូងរបស់លោកនៅមហាសន្និបាទដ៏ធំរបស់អង្គការមួយនេះ។

ឯកឧត្តម បាននិយាយថា សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលគ្រោងនឹងជួបជាមួយបណ្តាមន្រ្តីជាន់ខ្ពស់ ឬអ្នកធុរកិច្ចរបស់អាមេរិកនោះ ឯកឧត្តមនៅមិនទាន់អាចប្រាប់ព័ត៌មានជាក់លាក់ថា សម្តេចនាយករដ្ឋមន្រ្តី នឹងជួបជាមួយមន្ត្រីរូបណាខ្លះនៅឡើយទេ ។
ក៏ប៉ុន្តែឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ៖ «គោលនយោបាយការបរទេសរបស់កម្ពុជាគឺបើកទូលាយទៅបណ្តាប្រទេសផ្សេងៗទៀតដោយមិនប្រកាន់និន្នាការនយោបាយនោះទេ ជាពិសេសក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា តម្តេចតេជោ ហ៊ុន សែន ហើយគោលនយោបាយនេះក៏នឹងត្រូវបន្តអនុវត្តន៍ដោយរដ្ឋាភិបាលថ្មីផងដែរ»។

ចំណែក ឯកឧត្តម គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា ដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សហរដ្ឋអាមេរិកនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែមានភាពយល់គ្នាល្អជាងមុន ជាពិសេសក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់កម្ពុជា។

ឯកឧត្តម ថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនាពេលកន្លងមក នៅមានបញ្ហាមួយចំនួនដែលមិនទាន់យល់គ្នា ពាក់ព័ន្ធទៅនឹងបញ្ហានៃការលើកឡើងពីលំហរប្រជាធិបតេយ្យ លំហរនយោបាយ និងសិទ្ធិមនុស្ស នៅកម្ពុជាជាដើម ដែលបញ្ហាទាំងនេះហើយដែលតែងតែធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពមិនចុះសម្រុងនឹងគ្នា និងខ្វែងគំនិតគ្នាជារឿយៗ។

ឯកឧត្តម គិន ភា ថា ៖ «យើងសង្ឃឹមថាភាគីទាំងពីរនឹងព្យាយាមយល់ពីគ្នាទៅវិញទៅមក ជាពិសេសយល់ពីតម្រូវការ និងកង្វល់រៀងៗខ្លួន។ ការយល់គ្នាទៅវិញទៅមករវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាកត្តាមួយសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរមានភាពយល់គ្នាជាងមុន» ៕

វង្ស ដារាវ៉ាឌី
CPA

ads banner