សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សិង្ហបុរី នឹងបញ្ជូនក្រុមការងារមកកម្ពុជា ដើម្បីពិភាក្សាពីការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ប្រទេសរបស់ខ្លួន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ថា នាសប្តាហ៍ក្រោយនេះ ក្រុមការងារជំនាញរបស់ប្រទេសសិង្ហបុរី នឹងមកជជែកពិភាក្សាជាមួយមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពក្នុងការនាំចេញផលិតកសិកម្មទៅប្រទេសរបស់ខ្លួន ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្តេចធិបតី បានថ្លែងថា ៖ «សិង្ហបុរី ចាប់ផ្តើមចាប់អារម្មណ៍លើផលិតផលកសិកម្មរបស់ខ្មែរមួយចំនួនដូចជា បន្លែ សាច់ជ្រូក សាច់មាន់ហើយ។ ដូចនេះក្រសួងពាក់ព័ន្ធ រួមមានក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ត្រូវពិនិត្យមើល និងធ្វើការចចារជាមួយគ្នា ដោយក្រុមងារសិង្ហបុរី គេនឹងមកអាទិត្យក្រោយនេះហើយ។ដូច្នេះ គេធ្វើការលឿន យើងក៏ធ្វើការលឿនដូចគ្នា»។

សូមបញ្ជាក់ដែរថា សម្តេចធិបតី នាយករដ្ឋមន្រ្តី បានជួបផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី លោក លី សៀនលុង នៅអំឡុងពេល ដែលលោក និងភរិយា បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី កាលថ្ងៃទី៥ ខែកញ្ញា កន្លងទៅថ្មីៗនេះ។

នាជំនួបទ្វេភាគីនោះប្រមុខដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និងការពារជាតិ។

លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេម ដែលជាក្រុមហ៊ុនផលិត និងនាំចេញបន្លែទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស យល់ឃើញថា កម្ពុជានឹងមានទីផ្សារថ្មីមួយទៀត បើសិនជាការចចាររវាងផ្នែករដ្ឋាភិបាលនៃប្រទេសទាំងពីរ មានលទ្ធផលជាផ្លែផ្កាដែលឈានដល់ការចុះកិច្ចព្រមព្រៀងណាមួយ។

លោកបានប្រាប់ឱ្យដឹងថា ការនាំចេញបន្លែចម្រុះរបស់កម្ពុជា ជាប្រភេទបន្លែគ្រឿងទេស ដែលមានដូចជាប្រភេទជី ម្ទេស រំដេង ល្មៀត ខ្ជាយ និងមានប្រភេទបន្លែដែលមានតម្លៃ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទៅក្រៅប្រទេស ខណៈដែលការនាំចេញនេះស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បងនៅឡើយ។

លោកថា ៖ «ការបើកទីផ្សារថ្មីៗ មិនមែនជារឿងអាក្រក់នោះទេ គ្រាន់តែយើងត្រូវការសិក្សាឱ្យបានលម្អិត លើការចំណាយថ្លៃដើម ជាពិសេសការពង្រឹងគុណភាពលើដំណាំរបស់យើង ឱ្យត្រឹមត្រូវតាមស្តង់ដារ និងភូតគាមអនាម័យ»។

លោក ហ៊ុន ឡាក់ បានបន្តថា កន្លងមក ក្រុមហ៊ុនលោកបាននាំចេញសាកល្បងនូវប្រភេទបន្លែគ្រឿងទេសនេះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយ ឃើញថាទទួលបានចាប់អារម្មណ៍ពីអតិជនក្នុងប្រទេសនោះ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនលោកកំពុងតែសិក្សាលម្អិត ដើម្បីនាំចេញទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប ដែលត្រូវដឹកតាមជើងយន្តហោះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី មានកើនឡើងគួរឱ្យភ្ញាក់ផ្អើល ដោយសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៤៧៦លានដុល្លារ នៅ៨ខែដំបូងឆ្នាំ២០២៣ កើនឡើងរហូតដល់ជាង ៥៥៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានត្រឹមតែជាង ៧២លានដុល្លារ តែប៉ុណ្ណោះ។

របាយការណ៍បន្តថា ចំណែកការនាំចូលទំនិញពីសិង្ហបុរីមកកម្ពុជាវិញ បានដាំក្បាលចុះយ៉ាងគំហុកពីជាង២ ៨៨៨ លានដុល្លារ នៅ៨ខែឆ្នាំ២០២២ មកនៅត្រឹមជាង ៦២៥លានដុល្លារ នៅ៨ខែដំបូងឆ្នាំនេះ ដែលមានការធ្លាក់ជាង ៨២ភាគរយ ៕

វណ្ណ សុជាតា
CPA

ads banner