លោក បៃដិន និងមេដឹកនាំវៀតណាមព្រមព្រៀងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
ហាណូយ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី១០ ខែកញ្ញានេះ បានសាទរដល់ទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាម ខណៈដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសឺមីកុងឌុចទ័រ។
ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយទីក្រុងហាណូយ គឺផែ្នកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើតបណ្ដាញសម្ព័ន្ធមិត្តអាស៊ី និងប៉ាស៊ីហ្វិក ចំពោះមុខការកើនឡើងឥទ្ធិពលចិន។
ភាពជាដៃគូថ្មីរវាងសហរដ្ឋអាមេរិក និងវៀតណាម ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងមួយស្ដីពី សឺមីកុងឌុចទ័រ ដែលក្នុងនោះសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តជួយវៀតណាម អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងពង្រីកការផលិត។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មាននាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនថា គាត់ចង់បង្កើតច្បាប់មូលដ្ឋានច្បាស់លាស់មួយសម្រាប់ទំនាក់ទំនង។
ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា គាត់មិនចង់គ្រប់គ្រងប្រទេសចិនទេ ហើយថា សហរដ្ឋអាមេរិកគឺជាមហាអំណាចប៉ាស៊ីហ្វិកមួយ ដែលមិនមានបំណងចាកចេញ ឬដកខ្លួនពីតំបន់នេះឡើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា