មន្ត្រីបក្សកុម្មុយនីស្តចិនមកកម្ពុជា ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយអន្តរជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈ​ប្រតិភូនៃគណៈកម្មការអធិការកិច្ចវិន័យនៃបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន និងគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណានមកសិក្សាស្វែងយល់ ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងពង្រឹងកិ​ច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ(​​អ.ប.ព.) របស់កម្ពុជា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំ​ង​អំពើពុករលួយអន្តរជាតិ។​

យោងតាមការ​ផ្សព្វផ្សាយ​របស់អ.ប.ព. តាមបណ្តាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃទី​១០ ខែកញ្ញា បាន​ឱ្យដឹងថា ​ការពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការនេះនៃស្ថាប័នទាំងពីរ ធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីគណបក្សកុម្មុយនីស្តចិន និងគណៈកម្មការត្រួតពិនិត្យកិច្ចការប្រចាំខេត្តហឺណាននៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

​​លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បាន​ប្រាប់​ឱ្យដឹង​ថា ដំណើរទស្សនកិច្ចពីគណៈប្រតិភូចិនមកកាន់អ.ប.ព. លើកនេះ មានគោលដៅពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ និ​ងរវាងខេត្តហឺណាន និងអ.ប.ព.។

លោកបន្តថា ប្រតិភូចិនមកស្វែងយល់ពីចំណុចសំខាន់ៗ ក្នុងនោះមាន​ ច្បាប់ប្រឆាំងអំពើរលួយរបស់កម្ពុជា និង​ពិសេសការប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រមទាំងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការប្រ​មូលត្រឡប់វិញនូវទ្រព្យជាផលនៃបទល្មើស និងការជួយគ្នាទៅវិញទៅមក លើទិដ្ឋភាពច្បាប់។​

លោក សយ ច័​ន្ទវិចិត្រ សង្កត់ធ្ងន់ថា ៖ «ទស្សកិច្ចរបស់គណៈប្រតិភូចិនក្នុងពេលនេះ មានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកបន្ថែមលើការងារប្រឆាំងអំពើពុករលួយ ខណៈកន្លងមកប្រទេសទាំង២ បានសហការគ្នាបានល្អតាមរយៈការជួយគ្នាលើផ្នែកច្បាប់ ការផ្លាស់ប្តូរទស្សនៈតាមអង្គភាពជំនាញ ការចែករំលែកបទពិសោធន៍ ការជួយស៊ើបអង្កេតមុខសញ្ញាជាដើម​»​។​

​បើតាម​អង្គភាពប្រឆាំងអំពើពុករលួយបាន​ឱ្យដឹងដែរថា ​នៅថ្ងៃទី​១១ ខែកញ្ញា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ បាន​ដឹកនាំ​​មន្រ្តី ជួប​ពិភាក្សា​​​ទ្វេភាគីជាមួយគណៈប្រតិភូខេត្តហឺណានផងដែរ​។

​ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ​បានមានប្រសាសន៍នាឱកាសនោះពី​​​ព័ត៌មានសង្ខេប​អំ​ពីអ.ប.ព., ប្រវត្តិបង្កើតច្បាប់ និងអង្គភាពប្រឆាំងអំពើពុករលួយ,​ រចនាសម្ព័ន្ធរបស់អង្គភាពប្រឆាំងអំពើពុករលួយរួមនឹង​​កិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិនានាផងដែរ។​

​អ.ប.ព.​បានបន្តថា ៖ «ឯកឧត្តមទេសរដ្ឋមន្ត្រី ​បានគាំទ្រចំពោះការសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិ​សោធន៍ពីគ្នាទៅវិញទៅមក ត្រង់ទៅ ត្រង់មក រវាងគណៈកម្មការអធិការកិច្ចវិន័យខេត្តហឺណាន និង​អ.ប.ព. ហើយ​និងរីករាយឆ្លើយតបរាល់សំណូមពររបស់គណៈប្រតិភូ»​។

នាជំនួបនោះដែរ លោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុនិស្តចិន ខេត្តហឺណាន ក៏បាន​លើកឡើងដែរ​ថា លោកស្រី និងគណៈប្រតិភូ​រីករាយដែលបានជួបជុំជាមួយលោក ឱម យិនទៀង និងសហការី​នាពេលនេះ​។

តាមរយៈអ.ប.ព. លោកស្រី​មានប្រសាសន៍​ថា ៖ «ទំនាក់ទំនង ចិន-កម្ពុជា មានចំណងមេត្រីរាប់ពាន់ឆ្នាំមកហើយ ហើយឆ្នាំនេះ ថ្នាក់ដឹកនាំទាំងពីរ គឺលោកប្រធានាធិបតី ហ្ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុ​មប្រឹក្សាព្រះមហាក្សត្រ បានរំឭកពីមិត្តភាព ថាជាឆ្នាំមិត្តភាព ហើយការមកទស្សនកិ​ច្ច​របស់គណៈកម្មការខេត្តហឺណាននៅ អ.ប.ព. លើកនេះ ក៏ជាឆ្នាំមិត្តភាពផងដែរ»​។ ​

ទាក់ទងនឹង​ការបំពេញទស្សនកិច្ចនេះដែរ​ ​លោក ប៉ិច ពីសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TIC) យល់ថា ទំនាក់ទំនង និងកិច្ចសហប្រិបត្តិការរវាងកម្ពុជា និងចិនលើកិច្ចការប្រយុទ្ធប្រឆាំងអំពើរលួយជារឿងល្អ ដោយសារមួយរយៈពេលចុងក្រោយនេះ ចិនកំពុងប្រើប្រយុទ្ធសាស្រ្តប្រឆាំងអំពើពុករលួយដើម្បីកំណែទម្រង់បក្សកុម្មុយនីស្តខ្លួនដែលអាចផ្តល់បទពិសោធន៍ល្អៗដល់កម្ពុជា ជាពិសេសអង្គភាព ​ACU យកមករៀនសូត្របន្ថែម។​

បន្ថែមពីនេះបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​លើកឡើងដែរដោយ​លោក​ចង់ឱ្យ​ភាគីទាំងពីរ ធ្វើការពិភក្សាគ្នាស៊ីជម្រៅលើការប្រឆាំងអំពើពុករលួយ ជាពិសេសពាក់ព័ន្ធនឹងព័ត៌មានពី​ការលាងលុយកខ្វក់ ពីសំណាក់ក្រុមឧក្រិដ្ឋជនចិនចូលមកទឹកដីកម្ពុជា នារយៈពេលចុងក្រោយនេះដើ  ​ម្បី​លុបរូបភាពនយោបាយមិនល្អដល់ប្រទេសទាំង២ លើឆាកអន្តរជាតិ៕

ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner