កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើសមយុទ្ធរួមគ្នា “ទេវតាសន្តិភាព-ឆ្នាំ២០២៣” ពីថ្ងៃទី១៤-២៦ ខែកញ្ញា

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានរៀបចំធ្វើសមយុទ្ធសុខាភិបាលរួមគ្នា ដែលមានឈ្មោះថា “ទេវតាសន្តិភាព–ឆ្នាំ២០២៣” ដែលនឹងប្រារព្ធធ្វើរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា គោលដៅសំខាន់នៃការធ្វើសមយុទ្ធនេះ ដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់សមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាព។

ប្រភពដដែលបានបន្តទៀតថា សមយុទ្ធបានកំណត់យកប្រធានបទ “ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ” ដែលនឹងប្រារព្ធធ្វើរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ធ្វើនៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក និងមានការពិនិត្យជំងឺជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះកេតុមាលា និងនៅមន្ទីរពេទ្យ យោធភូមិភាគទី៤ ខេត្តសៀមរាប៕
ដោយ៖ពលជ័យ

ads banner