រដ្ឋសភាគ្រោងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ (Video Inside)

រដ្ឋសភាគ្រោងនឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីរកការជជែកពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ពីរ ពាក់ព័ន្ធនឹងការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែន រវាងប្រទេសដែលជាប់នឹងកម្ពុជារួមមានវៀតណាម, ឡាវ និងថៃ។

មន្ត្រីរដ្ឋសភាបានថ្លែងថានៅថ្ងៃទី១៤កញ្ញាខាងមុខនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ដើម្បីរកការអនុម័តជាចុងក្រោយ លើសេចក្តីព្រាងច្បាប់ បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បន្ទាប់ពីសេចក្តីព្រាងច្បាប់ទាំង២ ត្រូវគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យ និងឯកភាពលើការសិក្សា របស់ណៈកម្មការជំនាញរដ្ឋសភា តាមនីតិវិធីរួចរាល់នៅថ្ងៃចន្ទនេះមក។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាថ្ងៃទី១១កញ្ញានេះ ក៏បានអនុម័តលើគម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៤ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅគម្រោងថវិកាជាតិ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ផងដែរ៕

ads banner