ការចរចាប្រាក់ឈ្នួលអប្បបរមាមិនទាន់ត្រូវគ្នាជាចុងក្រោយ (Video Inside)

កិច្ចពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ សម្រាប់កម្មករ និងនិយោជិត នៅតែមិនទាន់ត្រូវគ្នានៅឡើយ ប៉ុន្តែភាគីម្ចាស់ក្រុមហ៊ុនបានបង្ហាញសម្បទានបន្តិចថែមទៀត ខណៈដែលខាងសហជីពនៅតែរក្សាជំហរដដែល។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ការចរចាប្រាក់ឈ្នួលអប្បបរមាជាលើកទី៤ នៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣, ភាគីម្ចាស់ក្រុមហ៊ុនបានបង្កើនតួលេខកន្លះដុល្លារថែមទៀត ដែលនាំឱ្យការស្នើតម្លើងពីភាគីនិយោជកនេះ មានចំនួន១ដុល្លារកន្លះហើយ។

បើសិនជាសហជីពយល់ព្រមនឹងតួលេខតម្លើងនេះ, ប្រាក់ឈ្នួលអប្បបរមានឹងឡើងចំនួន ២០១ដុល្លារកន្លះ។ ប៉ុន្តែភាគីសហជីពនៅថ្ងៃទី១១កញ្ញានេះ មិនបានយល់ព្រមឡើយ។ ភាគីសហជីពនៅតែទាមទារក្នុងតម្លៃឡើង១៥ដុល្លារជាដដែល សម្រាប់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។

យោងតាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តួលេខកំណត់ចុងក្រោយ នៃប្រាក់ឈ្នួលអប្បរមា នឹងរំពឹងដឹងនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់នៅថ្ងៃទី១៣, ១៤ និង១៥តុលា។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានថ្លែងនៅថ្ងៃចន្ទនេះថា កិច្ចប្រជុំដើម្បីការចរចាប្រាក់ឈ្នួលនេះ នឹងមានយ៉ាងហោចចំនួន២ដងបន្ថែមទៀត គឺនៅថ្ងៃទី១៨កញ្ញា និងថ្ងៃទី២៥កញ្ញា ដែលជាថ្ងៃប្រជុំពិភាក្សាបញ្ចប់ជាចុងក្រោយ។

ads banner