អគ្គិសនីកម្ពុជាស្វែងរកកិច្ចសហការពីអតិថិជនតាមចាប់ជនទុច្ចរិត (Video Inside)

អគ្គិសនីកម្ពុជា បានអំពាវនាវរកកិច្ចសហការពីអតិថិជន ដើម្បីតាមចាប់ជនទុច្ចរិត ដែលក្លែងបន្លំធ្វើជាមន្ត្រីអគ្គិសនី ដើរប្រមូលប្រាក់ខុសច្បាប់ពីប្រជាពលរដ្ឋ។

សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣ បានបង្ហាញថា «មានករណីជនខិលខូច បានក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា ដោយបានឆបោកអតិថិជនតាមទូរស័ព្ទ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ, ថ្លៃប្តូរនាឡិកាស្ទង់, ប្តូរស្យង់ទ័រ និងប្តូរបរិក្ខាអគ្គិសនីមួយចំនួន តាមរយៈភ្នាក់ងារវីង និងទ្រូម៉ានី ដើម្បីចៀសវាងការផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា អគ្គិសនីកម្ពុជា ពុំបានបញ្ជូននិយោជិតណាម្នាក់ ឱ្យទារប្រាក់ពីអតិថិជនដោយផ្ទាល់ ឬតាមមធ្យោបាយណាមួយដោយគ្មានវិក្ក័យបត្រផ្លូវការ និងក្រៅពីប្រព័ន្ធបង់ប្រាក់របស់អគ្គិសនីកម្ពុជានោះទេ។

សេចក្តីជូនដំណឹងដដែលបន្តថា អគ្គិសនីកម្ពុជា មិនទទួលខុសត្រូវចំពោះទឹកប្រាក់ ដែលបានទូទាត់ពាក់ព័ន្ធនឹងករណីដែលមានការដើរទារទាំងនោះឡើយ។ អគ្គិសនីកម្ពុជាបានអំពាវនាវដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ធ្វើទំនាក់ទំនងទៅ ដើម្បីបង់ប្រាក់ ឬផ្ទេរប្រាក់នោះ សូមកុំបង់ប្រាក់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ ហើយត្រូវជូនដំណឹងនោះ មកអគ្គិសនីកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ads banner