សម្តេចក្រឡាហោម ស ខេង ថ្កោលទោសអ្នកសរសេរមួលបង្កាច់ចង្ខូចឈ្មោះ (Video Inside)

ការប្រើឈ្មោះថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា ដោយក្រុមធ្វើនយោបាយប្រឆាំង បានជំរុញឱ្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញលិខិតប្រតិកម្ម។

សម្តេចក្រឡាហោម ស ខេង ដែលជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសរសេរនៅថ្ងៃទី១១កញ្ញានេះ តាមប្រព័ន្ធបណ្តាញសង្គមថា មានមនុស្ស «បានយកឈ្មោះសម្តេចក្រឡាហោម ធ្វើជាប្រធានបទ សម្រាប់បំរើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ»។

សម្តេចក្រឡាហោម ស ខេង បានសរសេរបញ្ជាក់ថា ក្រោយពេលដែលរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើង, មជ្ឈដ្ឋានដែលនិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗ តាមរយៈបណ្តាញសង្គម, តាមសារព័ត៌មាននានា និងជាពិសេសតាមរយៈ ការឃោសនាអកុសល ប្រឌិតនូវព័ត៌មានទាំងនេះ «ក្នុងបំណងកខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា»។

សម្តេចក្រឡាហោម បានសរសេរបំភ្លឺប្រាប់ពលរដ្ឋថា «ការលើកឡើងរបស់មជ្ឈដ្ឋាន ដែលមាននិន្នាការប្រឆាំងនេះ ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ ក្នុងគ្រាអស់សង្ឈឹម និងជាការបំផុសបំផុលដ៏មានគ្រោះថ្នាក់ដល់ប្រទេសជាតិ»។

សម្តេចក្រឡាហោម បានសរសេរប្រាប់ដល់អ្នកមួលបង្កាច់បង្ខូចឈ្មោះសម្តេចថា សូម «បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់សន្តិភាព, ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា និងធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ លើគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រមុខ»។

ក្នុងសំណេរតាមបណ្តាញសង្គមដដែល សម្តេចក្រឡាហោមបានសរសេរថា «ខ្ញុំនៅតែបន្តគាំទ្រ និងលើកទឹកចិត្តតាមការដែលអាចធ្វើបាន ចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីការបំពេញភារកិច្ច របស់ខ្លួនឱ្យបានសម្រេច និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ តាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលបានប្រកាសកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

ads banner