ទូតបារាំងប្រចាំកម្ពុជា នឹងបើកឱ្យសាធារណជនចូលទស្សនាស្ថានទូតដោយសេរីក្នុងថ្ងៃទិវាបេតិកភណ្ឌ នាចុងសប្តាហ៍នេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសឱ្យដឹងថា ស្ថានទូតនឹងបើកទ្វារទទួលសាធារណៈជនឱ្យចូលមកទស្សនាដោយសេរីនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះដែលការបើកឱ្យចូលនេះធ្វើឡើនៅក្នុងឱកាសនៃទិវាបេតិកភណ្ឌ។

យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតបារាំងប្រចាំកម្ពុជាដែលផ្សាយនៅថ្ងៃទី១០ ខែកញ្ញាបានឱ្យដឹងថា បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង១ ៤០០នាក់កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលសាធារណៈជនម្តងទៀតនៅថ្ងៃសៅរ៍ទី១៦ខាងមុខនេះចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល។

ប្រភពដដែលបន្តថា៖«នៅក្នុងទិវាបេតិកភណ្ឌសារធារណៈជនអាចចូលទស្សនា ឬស្វែងយល់ជាថ្មីនូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត ព្រមទាំងអគារនានាដែលពោរពេញដោយប្រវត្តិសាស្ត្រ ឧទ្យានស្ថានទូត គឺជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ នៅលើផ្ទៃដី ៤.៥ ហិកតា ដែលវាជាកន្លែងសម្រាប់ជីវៈចម្រុះ ក្នុងនោះរួមមានដើមឈើជាង៥០ប្រភេទប្រមាណ២០០ដើម និងសត្វមួយចំនួនដែលយើងកំពុងធ្វើជំរឿនផងដែរ»។

ប្រភពដដែលបានបន្តថា ក្រៅពីនេះ សាធារណជនក៏នឹងឃើញនូវទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៥។

ស្ថានទូតបារាំងបញ្ជាក់ថា ៖ «លើពីនេះ ដោយសារទិវាបេតិកភណ្ឌនៅឆ្នាំនេះធ្វើឡើងជុំវិញប្រធានបទបេតិកភណ្ឌមានជីវិត យើងនឹងបង្ហាញលោកអ្នកនូវនំប៉័ងបារាំង ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ជាមួយការចូលរួមពីហាងនំប៉័ង Kayser ថែមទៀត»។

បន្ថែមពីនេះទៀត នៅថ្ងៃដដែលនោះ នៅពេលត្រលប់ចេញទៅវិញ សារធារណៈជនក៏អាចទស្សនាការតាំងពិពណ៌រូបថតដែលព្យួរនៅលើរបងស្ថានទូត ក្នុងឱកាសនៃការប្រារព្ធខួបលើកទី ៧០ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្ទាប់មកទៅទស្សនាវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលទើបត្រូវបានសាងសង់ដូចដើមឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជុំវិញរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១១ ខែកញ្ញាថា នេះជាឱកាសកម្រសម្រាប់សាធារណៈជន ពិសេសសិស្សនិស្សិតអាចចូលរួមទស្សនា និងសិក្សាឈ្វេងយល់ពីវប្បធម៌ ការអបរំ និងសមិទ្ធផលជាច្រើនរបស់ស្ថានទូតបារាំង ដែលជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្លាំង។

លោកប្រាប់ថា ៖ «មិនងាយមានស្ថានទូតណា រៀបចំឱ្យមានការចូលរួមដូចស្ថានទូតបារាំងនោះទេ ហើយជារៀងរាល់ឆ្នាំស្ថានទូតនេះ តែងបើកឱ្យសារធារណៈជនចូលទស្សនា ហេតុនេះ ទោះបីតិចច្រើនក្តី ក៏សកម្មភាពនេះអាចរួមចំណែកជួយឱ្យសិស្សនិស្សិត និងលោកគ្រូអ្នកគ្រូ អាចរៀនពីវប្បធម៌របស់ប្រទេសបារាំង វប្បធម៌របស់កម្ពុជា ដែលកម្ពុជា-បារាំង មានទំនាក់ទំនងចំណងការទូតរួមគ្នាជាយូរអង្វែងមកនេះ អញ្ចឹងខ្ញុំសូមឱ្យសារធារណជនគួរតែកុំរំលង់ឱកាសនេះ»។

សម្រាប់ការទស្សនាស្ថានទូតបារាំងនេះដែរ គឺស្ថានទូត មានមគ្គុទ្ទេសក៍ពន្យល់ជាក្រុមជាភាសាបារាំង ,ភាសាខ្មែរ និងភាសាអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ ហើយអ្នកទស្សនាអាចជ្រើសរើសចូលក្នុងក្រុមណាមួយដែលចង់បាន។ ចំពោះ ការចូលទស្សនាទិវានេះ គឺធ្វើឡើងដោយឥតបង់ថ្លៃ និងគ្មានការចុះឈ្មោះជាមុននោះឡើយ។

សូមបញ្ជាក់ថា ទិវាបេតិកភណ្ឌនៅកម្ពុជាធ្វើឡើងនៅ ក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានផ្តួចផ្តើមគំនិតដោយប្រទេសបារាំង ហើយបច្ចុប្បន្នត្រូវបានប្រារព្ធឡើងក្នុងប្រទេសជាង ៥០។ នៅកម្ពុជាអគារបេតិកភណ្ឌល្អឯកផ្សេងទៀត ក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរ នៅថ្ងៃទី ១៦ ខែកញ្ញា ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សដ្ឋានអង្គរ និងការិយាល័យអង្គការយូណេស្កូនៅភ្នំពេញជាដើម៕ ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner