ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងរៀបចំការប្រគំតន្ត្រីអូខេស្តា្រនៅ CJCC ដើម្បីអបអរខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងរៀបចំការប្រគំតន្ត្រីអូខេស្ត្រា(Orchestra) រយៈពេលបីថ្ងៃ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុន។

បើយោងតាមលិខិតអញ្ជើញជូនដល់អ្នកសារព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១១ ខែកញ្ញា បានឱ្យដឹងថា ការប្រគំតន្ត្រីអូខេស្រ្តានេះរៀបចំឡើងតាមរយៈកិច្ចសហការរវាងស្ថានទូតជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងការិល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន។

ការប្រគំតន្ត្រីនេះ ធ្វើឡើងដោយក្រុម Worldship Orchestra(WSO) ជាផ្នែកមួយរបស់អង្គការ NPO Worldship ជាអង្គការមិនរកប្រាក់ចំណេញ បង្កើតឡើងនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០១៤ ក្នុងគោលដៅផ្តល់ឲ្យកុមារជុំវិញពិភពលោកជាមួយបទពិសោធន៍វង់តន្ត្រីដំបូង ខណៈបច្ចុប្បន្នក្រុមនេះ បានធ្វើកម្មវិធីសម្តែងក្រៅប្រទេសដើម្បីឲ្យកុមារនៅអាស៊ីដែលបានទទួលការអប់រំផ្នែកសិល្បៈ តន្ត្រី និងទស្សនាការសម្តែងឧបករណ៍តន្រ្តីផ្ទាល់ ដើម្បីចាប់អារម្មណ៍លើសកម្មភាពទាំងនេះ។

លិខិតដដែលលើកឡើងទៀតថា៖«យើងខ្ញុំសង្ឃឹមថា អ្នកចូលរួមនឹងរីករាយជាមួយតន្ត្រីអូខេស្ត្រា ហើយតាមរយៈតន្ត្រីនេះ នឹងមានអារម្មណ៍កាន់តែជិតស្និទស្នាលជាមួយប្រទេសជប៉ុន។ យើងសង្ឃឹមមុតមាំថា ការប្រគំតន្ត្រីនេះនឹងងផ្តល់ឲ្យអ្នកចូលរួមបានយល់ដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២»។

ជាមួយគ្នានេះ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងថា នៅក្នុងទំនាក់ទំនងប្រទេសពីរ ក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ ទំនាក់ទំងសង្គម-វប្បធម៌ និងទំនាក់ទំនងប្រជាជន និងប្រជាជន ក៏សំខាន់ផងដែរ ដែលលោកជឿជាក់ថា ការសម្តែងសិល្បៈ ការប្រគំតន្ត្រីនេះជាផ្នែកមួយនៃការបង្កើនការយល់ដឹងពីវប្បធម៌ជប៉ុនដល់ស្រទាប់យុវជនកម្ពុជា និងអាចពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ បន្ថែម។

លោកថ្លែងថា ទំនាក់ទំនងប្រទេសទាំងពីរ បានឈានដល់កម្រិតទំនាក់ទំនងទ្វេភាគីក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅខួបលើកទី៧០ នៃទំនាក់ទំនងនេះ ខណៈដែលជប៉ុនជាមិត្តសំខាន់របស់កម្ពុជាលើផ្នែកជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ ហើយជប៉ុនទៀតសោតក៏ជាអន្តរការីក្នុងចន្លោះទំនាក់ទំនងកម្ពុជា និងបស្ចឹមលោកផងដែរ ហើយជប៉ុនក៏ត្រូវការកម្ពុជាកដើម្បីបង្កើនឥទ្ធិពលខ្លួននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានអាស៊ានជាស្នូល។

បណ្ឌិត គិន ភា បញ្ជាក់ថា ៖ «ភាពចាំបាច់ខាងផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច វប្បធម៌ និងផលប្រយោជន៍ចំពោះភូមិសាស្ត្រនយោបាយនឹងរុញឱ្យកម្ពុជា និងជប៉ុនពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ខ្លួនតទៅមុខបន្ថែមទៀត»៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner