ប្រធានផ្នែកសិទ្ធិមនុស្សរបស់ អ.ស.ប រិះគន់រុស្ស៊ីជុំវិញការដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ

អ.ស.ប៖ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានរិះគន់រុស្ស៊ីចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ក៏ដូចជាចំពោះការវាយប្រហារលើកន្លែងស្តុកផលិតផលកសិកម្មរបស់អ៊ុយក្រែន ដែលធ្វើតម្លៃស្បៀងអាហារឡើងខ្ពស់ និងប៉ះពាល់ដល់ការផ្គត់ផ្គង់ ជាពិសេសនៅតំបន់ស្នែងអាហ្វ្រិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោកប្រធាន វ៉ុលកឺរ ទួគ (Volker Turk) បានថ្លែងក្នុងពិធីបើកសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដោយសំដៅជាពិសេសទៅលើអត្រាកង្វះអាហារូបត្ថម្ភខ្ពស់នៅប្រទេសសូម៉ាលី ថា ៖ «ការដកខ្លួនរបស់សហព័ន្ធរុស្ស៊ី ពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក្នុងខែកក្កដា និងការវាយប្រហារលើកន្លែងដាក់គ្រាប់ធញ្ញជាតិនៅតំបន់អូដេសា(អ៊ុយក្រែន) និងកន្លែងផ្សេងទៀត ជាថ្មីម្ដងទៀត បានធ្វើឱ្យតម្លៃស្បៀងឡើងខ្ពស់កប់ពពកនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន»។

លោក ទួគ បន្តថា ទង្វើបែបនេះរបស់រុស្ស៊ី គឺស្មើនឹង ការរំលោភលើសិទ្ធិក្នុងការទទួលបានអាហារបរិភោគសម្រាប់មនុស្សជាច្រើន។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធម្មជាតិអ៊ុយក្រែន បានសម្រេចឡើងកាលពីខែកក្កដាឆ្នាំមុន ក្រោមការសម្រេចសម្រួលរបស់អង្គការសហប្រជាជាតិ និងតួកគី បន្ទាប់ពីមានភាពជាប់គាំងក្នុងការនាំចេញស្បៀងតាមសមុទ្រខ្មៅ ដោយសារតែការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីជាងមួយខែមុន ដោយអះអាងថា ការនាំចេញជីកសិកម្ម និងស្បៀងរបស់ខ្លួន ដែលជាថ្នូរសំខាន់មួយនៃកិច្ចព្រមព្រៀង នៅតែទទួលរងការរឹតត្បឹត។

ការសម្រេចចិត្តរបស់រុស្ស៊ី បានរងការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសលោកខាងលិច និងអ៊ុយក្រែន ដែលថា រុស្ស៊ីដកខ្លួនចេញក្រោមហេតុផលនយោបាយ ហើយយកស្បៀងអាហារធ្វើជាអាវុធ ដែលបង្កការគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងទូទាំងពិភពលោក ជាពិសេសនៅអាហ្រ្វិក និងមជ្ឈិមបូព៌ា។

រុស្ស៊ីច្រានចោលការចោទប្រកាន់ទាំងនេះ ហើយថា ខ្លួននឹងបន្តកិច្ចព្រមព្រៀងវិញ លុះត្រាតែលោកខាងលិច ធ្វើតាមការទាមទាររបស់ក្រុងមូស្គូ ដែលសុំមិនឱ្យមានការរឹតត្បឹតលើផលិត និងជីកសិកម្មរបស់ខ្លួន។ យ៉ាងណាមិញ លោកខាងលិចកន្លងមក បានទទូចថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន មិនរាប់បញ្ជូលនូវផលិតផលស្បៀង និងជីកសិកម្មនោះទេ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner