ក្រសួងយុត្តិធម៌ នឹងដាក់ដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស ឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានប្រកាសឱ្យដឹងថា ក្រសួងយុត្តិធម៌បានបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថលក្នុងជំហានទី២បន្ត បន្ទាប់ពីក្រសួងបានដាក់ឱ្យដំណើរការ ជំហានទី១ កាលពីខែកុម្ភៈកន្លងមក ក្នុងគោលបំណង រួមចំណែកធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ក្នុងសង្គម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានលើកឡើងថា ដើម្បីផ្តល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ក្រសួងបាន និងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ទៀត។

សេចក្តីប្រកាសបានបញ្ជាក់ថា ៖ «ក្រសួងយុត្តិធម៌ក៏បាននិងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស»។

ក្រសួងបានបន្ថែមដែរថា ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាងកម្ពុជានៅតាមបណ្តាប្រទេសនានា។

ប្រភពដដែលបញ្ជាក់ថា ៖ «ក្រសួងយុត្តិធម៌នឹងជូនដំណឹងពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនាពេលខាងមុខ ហើយក្រសួងក៏នឹងជូនដំណឹងពីពេលវេលាជាក់លាក់នៃការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស ឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះផងដែរ»។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាហុក និងជាអ្ន កតាមដានបញ្ហាសង្គម យល់ថា យន្តការរបស់ក្រសួងយុត្តិធម៌ពាក់ព័ន្ធតាមរយៈប្រព័ន្ធឌីជីថលនេះ គឺជាដំណើរល្អដែលចំណេញថវិកា ពេលវេលា និងផ្តល់ភាពងាយស្រួលនិងរហ័សដល់ប្រជាពលរដ្ឋ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner