រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ៖ ការកែទម្រង់ការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ គឺជាការងារសំខាន់បំផុតដែលត្រូវធ្វើឱ្យបានដាច់ខាត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការកែទម្រង់ការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ គឺជាការងារសំខាន់បំផុតដែលត្រូវធ្វើឱ្យបានដាច់ខាត ។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងដូច្នេះ ក្នុងឱកាដអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ដោយក្នុងជំនួបនេះ មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានាយក នាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីកិច្ចសន្យា សរុបប្រមាណ ៨០នាក់។

ឯកឧត្តម យក់ បុណ្ណា នាយកសាលាភូមិន្ទរដ្ឋបាល និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានធ្វើបច្ចុប្បន្នភាពការងារ ដែលសាលាភូមិន្ទរដ្ឋបាលដោយបានលើកអំពីសមិទ្ធផល៤ ផ្នែកធំៗរួមមាន៖ ការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រី ការបណ្តុះបណ្តាលមន្ត្រីរាជការ ការសិក្សាស្រាវជ្រាវ និងចងក្រង ព្រមទាំងការអនុវត្ត និងផ្សព្វផ្សាយការងារសង្គម។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីឧត្តមភាពនៃសាលាភូមិន្ទរដ្ឋបាលក្នុងការបណ្តុះបណ្តាល មន្ត្រីរាជការ ប្រកបដោយគុណវុឌ្ឍ វិជ្ជាជីវៈ និងវិន័យនៃមន្ត្រីរាជការ ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងសង្កត់ធ្ងន់ស្ដីពីការកែទម្រង់ការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ គឺជាការងារសំខាន់បំផុតដែលត្រូវធ្វើឱ្យបានដាច់ខាត ដោយឈរលើគោលការណ៍ច្បាប់តឹងរឹង យុត្តិធម៌ ស្អាតស្អំ ដើម្បីទទួលបានបុគ្គលសក្តិសមជាមន្ត្រីរាជការ គឺមានទាំងសមត្ថភាព និងសីលធម៌។

ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីបេសកកម្ម និងការងារអាទិភាពឆ្ពោះទៅមុខ ព្រមទាំងបានស្នើថ្នាក់ដឹកនាំ មន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ត្រៀមស្មារតី និងឆន្ទៈ ក្នងការអនុវត្តការងារកែទម្រង់ការប្រឡងជ្រើសរើសមន្ត្រី ដោយឈរលើមូលដ្ឋានការដឹកនាំដោយគោលការណ៍ និងការចូលរួមទាំងអស់គ្នា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner