ប្រជាជនថៃ ដាក់ការរំពឹងខ្ពស់ទៅលើគោលនយោបាយដឹកនាំប្រទេសរបស់រដ្ឋាភិបាលថ្មី

ថៃ៖ ក្រោយពីរដ្ឋាភិបាលថ្មីបានបញ្ចេញនូវគោលនយោបាយរបស់ខ្លួនកាលពីថ្ងៃចន្ទទី ១១ ខែកញ្ញា  ប្រជាជនថៃបានដាក់ក្ដីរំពឹងយ៉ាងខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រចាំថ្ងៃ ដែលប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាជន។ ក្នុងនោះ វិស័យឯកជនបានស្នើឱ្យរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ បង្កើតកញ្ចប់​ណាមួយ ដើម្បី​ជំរុញសេដ្ឋកិច្ច ជាពិសេសទាក់ទាញភ្ញៀវទេសចរបរទេសឱ្យកាន់តែខ្លាំងថែមទៀត។​

លោកស្រី Thaniwan Koonmongkon ប្រធានសមាគមភោជនីយដ្ឋានថៃបាននិយាយថា លោកស្រីចង់ឱ្យរដ្ឋាភិបាលថ្មីគិតគូទៅលើការកាត់បន្ថយថ្លៃដើមនៃវត្ថុធាតុដើម ព្រមទាំងកាត់បន្ថយថ្លៃថាមពល ព្រោះ​ថា កត្តាសំខាន់ៗទាំងពីរនេះហើយដែលរុញឱ្យផលិតផលសម្រេចឡើងថ្លៃ។​

លោកស្រីបាន​បន្តថា ៖ «ការឡើងថ្លៃនៃសាំងតែមួយមុខ វាបានប៉ះពាល់ដល់ការដឹកជញ្ជូន ដូច្នេះហើយ បានជាភោជនីយដ្ឋានមួយចំនួនតម្លើងថ្លៃមុខម្ហូបរបស់ពួកគេបន្តិចបន្តួច ឬក៏ភោជនីយដ្ឋានខ្លះបានធ្វើយុ​ ទ្ធនា​ការបញ្ចុះតម្លៃ ដើម្បីបង្កើនការលក់ជាដើម»។​

លោកស្រីក៏បានស្នើសុំឱ្យរដ្ឋាភិបាលគិតគូទៅលើការផ្ដល់សេវាឥណទានដែលមានការប្រាក់ទាប សម្រាប់អ្ន​កប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ ដែលលោកស្រីជឿជាក់ថា វិស័យនេះជាផ្នែកដ៏ធំ មួយក្នុងការទា​ក់ទាញទេសចរ។​

ចំណែកលោក Sanga Ruangwattanakul ប្រធានសមាគមនៃអាជីវកម្មតាមដងផ្លូវ Khao San បានឱ្យដឹងដែរថា ទីភ្នាក់ងារទេសចរណ៍ទាំងអស់គួរតែធ្វើការរួមគ្នាដើម្បីទាក់ទាញអ្នក​ទេសចរមកបន្ថែម ជាពិសេសគួរតែពិ​និត្យ​ឡើងវិញនូវគោលនយោបាយដែលស្នើឡើងដោយរដ្ឋាភិបាលចំពោះការមិនយកថ្លៃទិដ្ឋាការទៅលើភ្ញៀ​វជនជាតិចិន។លោកបន្តថា ៖ «ភ្ញៀវទេសចរ ចិននៅតែត្រូវការបង់ថ្លៃទិដ្ឋាការ ប៉ុន្តែនៅក្នុងកម្រិតមួយទាប ព្រោះថា១ភាគ៤នៃភ្ញៀវទេសចរដែលចូលទៅទស្សនាប្រទេសថៃ គឺជាទេសចរចិន»។​

ប្រធានសមាគម​រូបនេះបានគូសបញ្ជាក់ថា ៖ «មុនពេលផ្ទុះជំងឺកូវីដ១៩ ភ្ញៀវទេសចរប្រមាណ ៤០ លាន នា​ក់បានចូលទៅទស្សនាប្រទេសថៃ ។ក្នុងនោះប្រមាណ ១១ លាននាក់ជាភ្ញៀវជនជាតិចិន។ សម្រាប់ឆ្នាំនេះ យើងរំពឹងថាទទួលភ្ញៀវបាន ២៥ លាននាក់ ដោយមានទេសចរចិនប្រមាណ ៨លាននាក់»។​

សម្រាប់វិស័យការងារឯណោះវិញ លោក Sawit Kaeowan ប្រធានគណៈកម្មការការងារថៃ បានឱ្យដឹងថា បច្ចុប្បន្ននៅតែមានការព្រួយបារម្ភជុំវិញបញ្ហាកង្វះការធានាសុវត្ថិភាពនៅកន្លែងការងារ និងកិច្ចសន្យាការ​ងា​រខ្លីជាដើម ដែលវាប៉ះពាល់ទៅដល់សិទ្ធិរបស់និយោជិតជារួម។​

លោកបានសង្កត់ធ្ងន់ថា កម្មករ​និយោជិតមិនអាចរៀបចំផែនការសម្រាប់អនាគតបាន ដោយសារតែ កា​រងារ​មិនមានស្ថេរភាព ហើយដោយសារតែមូលហេតុទាំងនេះហើយបានជាពួកគេភាគច្រើនមាន ការលំបាកក្នុ​ងការរកប្រាក់ចំណូល។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា ​អ្នកធ្វើការក្នុងទីក្រុង​បាងកក និងតំបន់ជុំវិ​ញអាចរកបានជាមធ្យមត្រឹមតែ ៣៥៣បាត (ជិត១០ដុល្លារ) ​ប៉ុណ្ណោះក្នុងមួយ​ថ្ងៃ។​

ក្នុងករណីកន្លងទៅ កម្មករនិយោជិតត្រូវបង្ខំចិត្តធ្វើការថែមម៉ោង ដើម្បីអាចរកចំណូលផ្គត់ផ្គង់គ្រួសារ មួយចំ​នួនទៀតដែល​បានធ្លាក់ក្នុងបំណុលក្រៅផ្លូវការ ដោយមិនមានលទ្ធភាពសងជាដើម។ ដូច្នេះហើយ លោ​កស្នើដល់រដ្ឋាភិបាលឱ្យរក្សាការសន្យារបស់ខ្លួនក្នុងការលើកកម្ពស់សុខមាលភាពរបស់​ប្រជាជន៕​

ប្រែសម្រួល៖កែវ បុស្បា

ប្រភព៖​ High hopes for policy statement

ads banner