សហរដ្ឋអាមេរិកចោទថា លោក ពូទីន កំពុងអង្វរសុំជំនួយពីកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានចោទប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា កំពុងអស់សង្ឃឹមក្នុងជម្លោះនៅអ៊ុយក្រែន ទើបស្វែងរកជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយបានព្រមានជាថ្មីថា កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងប្រទេសទាំងពីរ នឹងរងទណ្ឌកម្មរបស់អាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានថា លោកប្រធានាធិបតី ពូទីន បានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ជាមួយនឹងក្តីសុបិន្តនៃការស្ដារឡើងវិញនូវភាពរុងរឿងនៃចក្រភពរុស្ស៊ី ប៉ុន្តែក្តីសង្ឃឹមរបស់គាត់នោះ បានបរាជ័យ។

លោក Miller បន្តថា លោក ពូទីន កំពុងស្វែងរកជំនួយនៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលគាត់រំពឹងថា នឹងទទួលជ័យជំនះ រឿងនេះខ្ញុំអាចនិយាយបានថា លោក ពូទីន កំពុងអង្វរសុំជំនួយពីកូរ៉េខាងជើង។ លោក Miller បានសង្កត់ធ្ងន់ថា គាត់នឹងរំលឹកដល់ប្រទេសទាំងពីរថា ការផ្ទេរសព្វាវុធណាមួយពីកូរ៉េខាងជើងទៅរុស្ស៊ី នឹងបំពានលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។

ពិតណាស់ យើងបានអនុវត្តទណ្ឌកម្មរបស់យើងយ៉ាងខ្លាំងក្លា ប្រឆាំងនឹងអង្គភាពដែលផ្តល់មូលនិធិដល់សង្រ្គាមរបស់រុស្ស៊ី ហើយយើងនឹងបន្តអនុវត្តទណ្ឌកម្មទាំងនោះ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មថ្មីទៀតនោះទេ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner