រដ្ឋបាលរាជធានីណែនាំការរៀបចំបុណ្យកាន់បិណ្ឌ, ភ្ជុំបិណ្ឌ និងកឋិនទាន (Video Inside)
រដ្ឋបាលរាជធានីបានចេញសេចក្តីណែនាំជុំវិញការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងកឋិនទានផងដែរ ដែលជាបុណ្យប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា។
ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងមកដល់ចាប់ពីថ្ងៃទី៣០កញ្ញា ដល់១៤តុលា ឆ្នាំ២០២៣ ដែលមានរយៈពេល១៤ថ្ងៃ…ចំណែកបុណ្យកឋិនទាននឹងមានរយៈពេល២៩ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៣០ តុលា ដល់ដល់ថ្ងៃទី២៧ វិច្ឆិកា។
បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យនៃទំនៀមទម្លាប់របស់ខ្មែរ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខ័ន្ធ នៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ… ចំណែកបុណ្យកឋិន គឺជាទានមួយដែលតែងធ្វើក្រោយការចេញវស្សា។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានី ៩ចំណុច បានណែនាំរដ្ឋបាលខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវណែនាំពលរដ្ឋតាមបណ្តាខណ្ឌ និងសង្កាត់ ធ្វើការតុបតែងដោយមានការដាក់ភ្លើង, ទង់ជាតិ និងទង់សាសនា, ផ្សព្វផ្សាយខ្លឹមសារ នៃពិធីបុណ្យ ដើម្បីការជ្រួតជ្រាបកាន់តែទូលំទូលាយ, ណែនាំមនុស្សដែលចូលរួមមិនត្រូវបង្កជាបាតុភាព ឬសកម្មភាព ដែលប៉ះពាល់ដល់កិត្តិយស និងតម្លៃព្រះពុទ្ធសាសនា ដូចជាការគប់ស្បោងទឹក, ការជះទឹក, ការគប់អំពៅ, គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ។
សេចក្តីណែនាំបានបញ្ជាការត្រៀមចាត់តាំងកម្លាំងការពារសន្តិសុខនៅតាមវត្តអារាមនីមួយៗ ជាពិសេសដើម្បីការសម្រួលចរាចរណ៍, ការពារសន្តិសុខសណ្តាប់ធ្នាប់, ប្រុងប្រយ័ត្នការអុជទានធូប, ការប្រើប្រាស់ភ្លើងចង្ក្រាន្ត, អគ្គិសនី, ហាមឃាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងការរៀបចំដទៃទៀត ពាក់ព័ន្ធនឹងការរក្សាសុខភាព និងសុវត្ថិភាពរបស់ពលរដ្ឋ ដែលចូលរួមក្នុងពិធីបុណ្យជាប្រពៃណីជាតិទាំង២នេះ។
សេចក្តីណែនាំបានដាស់តឿនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ និងត្រៀមរថយន្តពន្លត់អគ្គិភ័យឱ្យបានគ្រប់គ្រាន់ផងដែរ។