២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៦ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
មានប្រទេសតែ ២ ប៉ុណ្ណោះនៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានមានចំនួន ៦៦ករណី ដែលជាតួលេខឆ្លងកើនឡើងចំនួន ១៣ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។
ប្រទេសទាំង ២ នៅអាស៊ានដែលមានការឆ្លងថ្ងៃនេះ គឺប្រទេសវៀតណាម និងប្រទេសថៃ។ ប្រទេសថៃ មានការឆ្លងចំនួន ៣៧ករណី និងប្រទេសវៀតណាមមានការឆ្លងចំនួន ២៩ករណី។ នៅអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួនម្នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៥ម៉ឺន ៦ពាន់ ៤៩២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០៥នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕