ចំនួន​អ្នក​ស្លាប់ ដោយ​សារ​គ្រោះ​រញ្ជួយ​ដីនៅ​ម៉ារ៉ុក​ បាន​ឡើង​ដល់​ជាង​ ២ ៨០០ នាក់​

ម៉ារ៉ុក៖ ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​​នៅ​ប្រទេស​ម៉ារ៉ុក​បាន​កើន​ឡើង​ដល់​ជាង​ ២ ៨០០ នាក់​ ខណៈ​ប្រជាជន​នៅ​តាម​បណ្ដា​ភូមិ​រង​គ្រោះ​បន្ត​អត់​ផ្ទះ​សម្បែក​ស្នាក់​នៅ​ ហើយ​ត្រូវ​ស្នាក់​អាស្រ័យ​ក្នុង​តង់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

ទូរទស្សន៍​រដ្ឋ​ម៉ារ៉ុក​ បាន​រាយការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា​ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ ២ ៨៦២ នាក់​ ហើយ​មនុស្ស​ចំនួន​ ២ ៥៦២ នាក់​បាន​រង​របួស​។ គេ​រំពឹង​ថា​ ចំនួន​អ្នក​ស្លាប់​​​នឹង​បន្ត​​កើន​ឡើង​ទៀត​ ​ស្រប​ពេល​ដែល​​អាជ្ញាធរ​​មិនបាន​ចេញ​ការ​ប៉ាន់​ស្មាន​ណា​មួយ​លើ​ចំនួន​អ្នក​បាត់​ខ្លួន​ ដោយ​សារ​តែ​​តំបន់​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​ជា​ច្រើន​ ពិបាក​​ធ្វើ​ឱ្យ​ក្រុម​អ្នក​ជួយ​សង្រ្គោះ​ចុះ​ទៅ​ដល់​។​

បើ​តាម​រ៉យទ័រ​ ភូមិ​រង​គ្រោះ​ខ្លះ​ ការ​ខាត​បង់​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ ដោយសារ​​​ផ្ទះ​សម្បែង​​ស្ទើរ​តែ​ទាំង​ភូមិ​ ត្រូវ​​​រលំ​បាក់​បែក​ក្រោម​កម្លាំង​រញ្ជួយ ដែល​ធ្វើ​ឱ្យ​ប្រជាជន​​រួច​ជីវិត​​គ្មាន​ផ្ទះ​ស្នាក់​នៅ​។

គួរ​​​បញ្ជាក់​ថា​ ​រញ្ជួយ​ដី​កម្រិត​ ៦,៨ រ៉ិចទ័រ​​បាន​វាយ​ប្រហារ​នៅ​តំបន់​ភ្នំ​ High Atlas ក្នុង​តំបន់​ Marrakesh-Safi ក្នុង​ចម្ងាយ​ប្រមាណ​​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ ដោយ​បាន​ធ្វើ​ឱ្យ​ផ្ទះ​ឥដ្ឋ​ភក់​បែប​ប្រពៃណី​របស់​ប្រជាជន​ បាក់​​រលំស្ទើរ​​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​រង​គ្រោះ​​។

​ផ្ចិត​​នៃ​ការ​រញ្ជួយ​ដី​នេះ​ មាន​ចម្ងាយ​ប្រហែល​ ៧២ គីឡូម៉ែត្រ​​ភាគ​និរតី​នៃ​ទីក្រុង​ Marrakech ​ជា​កន្លែង​ដែ​ល​សំណង់​​ប្រវត្តិសាស្ត្រ​​មួយ​ចំនួន​​​ក្នុង​ទីក្រុង​​​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូមួយនេះ​​​ ​រង​ការ​ខូច​ខាត​។​ ការ​រញ្ជួយ​ដី​ដដែល​ ក៏​បាន​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​វិហារ​អ៊ិស្លាម​ Tinmel ​ដែល​សាង​សង់​​​តាំង​ពី​សតវត្សរ៍​ទី​ ១២​ ផង​ដែរ​។​

នា​ពេល​នេះ​ ក្រុម​​អ្នក​ស្វែង​រក និង​ជួ​យ​សង្រ្គោះ​ ​មក​ពី​ប្រទេស​អេស្ប៉ាញ​ អង់គ្លេស​ និង​កាតា​ ​កំពុង​​ចូល​រួម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ម៉ារ៉ុក​ ដើម្បី​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​។  

អ្នក​ជំនាញ​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ច្រើន​ គឺ​ដោយ​សារ​តែ​សំណង់​ផ្ទះ​របស់​ប្រជាជន​ក្នុង​តំបន់​ មិន​ត្រូវ​បា​ន​សាង​សង់​ឡើង​ ដើម្បី​ធន់​ទៅ​នឹង​គ្រោះ​រញ្ជួយ​ដី​ ហើយ​ម្យ៉ាង​ ការ​រញ្ជួយ​កើត​ឡើង​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​។ រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​ប្រទេស​ម៉ារ៉ុក​​ចុង​ក្រោយបំផុត​​ បាន​កើត​ឡើង​នៅ​ឆ្នាំ​ ២០០៤ ក្នុង​កម្រិត​ ៦,៤ រ៉ិចទ័រ ​ដោយ​សម្លាប់​មនុស្ស​ជាង​ ៦០០ នាក់៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖  ​ Morocco earthquake death toll passes 2,800, survivors camp outdoors  https://www.reuters.com/world/africa/morocco-earthquake-death-toll-passes-2800-survivors-camp-outdoors-2023-09-11/

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner