អគ្គិសនីកម្ពុជា អំពាវនាវដល់អតិថិជន សហការចាត់វិធានការជនឆបោកពាក់ព័ន្ធនឹងការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនី និងសេវាផ្សេងៗ
ភ្នំពេញ៖ អគ្គនាយកអគ្គិសនីកម្ពុជាឯកឧត្តម ប្រាំង ជលសា បានអំពាវនាវដល់អតិថិជនទាំងអស់ សហការជាមួយអគ្គិសនីកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលមិនស្គាល់អត្តសញ្ញាណដែលទាក់ទងឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ពាក់ព័ន្ធនឹងការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ និងសេវាផ្សេងៗ។
ការអំពាវនាវធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែលចុះហត្ថលេខាដោយឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងបានលើកឡើងថា មកដល់ពេលនេះអគ្គិសនីកម្ពុជា បានទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនថាមានករណីជនខិលខូចបានក្លែងបន្លំជាមន្រ្តីអគ្គិសនីកម្ពុជា ឆបោកអតិថិជនតាមរយៈទូរសព្ទ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្ដូរនាឡិកាស្ទង់ ប្តូរឌីសុងទ័រ និងបរិក្ខារមួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។
ឯកឧត្តម ប្រាំង ជលសា បញ្ជាក់តាមរយៈសេចក្តីជូនដំណឹងថា ៖ «ពាក់ព័ន្ធ នឹងបញ្ហានេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ទំនាក់ទំនងឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ពាក់ព័ន្ធនឹងករណីទាំងនេះ សូមមេត្តាកុំបង់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ ហើយត្រូវជូនដំណឹងមកអគ្គិសនីកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។
អគ្គិសនីកម្ពុជា ក៏បានលើកឡើងដែរថា ការទូទាត់ថ្លៃប្រើប្រាស់ អគ្គិសនីប្រចាំខែ ឬបង់ថ្លៃសេវាផ្សេងៗ លុះត្រាតែមានវិក្កយបត្រ ឬបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា ហើយអគ្គិសនីកម្ពុជា ពុំបានបញ្ចូននិយោជិតណាម្នាក់ឱ្យទារប្រាក់ពីអតិថិជនដោយផ្ទាល់ ឬតាមមធ្យោបាយណាមួយដោយគ្មានវិក្កយបត្រផ្លូវការ និងក្រៅពីប្រព័ន្ធបង់ប្រាក់ របស់អគ្គិសនីកម្ពុជានោះទេ។
សេចក្តីជូនដំណឹងបញ្ជាក់ថា ៖ «សម្រាប់ការបង់ប្រាក់ អតិថិជនអាចបង់នៅតាមបញ្ជរបេឡាអគ្គិសនីកម្ពុជា និងតាមរយៈ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូសហការជាមួយអគ្គិសនីកម្ពុជា។ អគ្គិសនីកម្ពុជា មិនទទួលខុសត្រូវ ចំពោះទឹកប្រាក់ដែលបានទូទាត់ពាក់ព័ន្ធនឹងករណីឆបោកនេះឡើយ»។
ទាក់ទងនឹងករណីនេះ លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍផ្នត់គំនិត បានឱ្យដឹងថា ជាទូទៅអំពើឆកបោកតាមប្រព័ន្ធអនឡាញនេះ វាមិនមែនទើបតែកើតឡើងនាពេលថ្មីៗនេះទេ ហើយក៏មិនមែនតែកម្ពុជានោះដែរ នៅតាមបណ្ដាប្រទេសផ្សេងៗទៀតក៏មានអំពើឆកបោកនេះដែរ។
លោកបន្តថា ខាងអាជ្ញាធរអគ្គិសនីកម្ពុជា គួរតែមានការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយតាមរយៈភ្នាក់ងាររបស់ខ្លួន ដោយធ្វើការបញ្ជាក់នៅលើវិក្កយបត្រភ្លើងឱ្យបានទៅដល់ដៃរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា នៅតាមខ្នងផ្ទះ៕
ដោយ៖ជា សុខនី