អាជ្ញាធរជាតិអប្សរាស្នើឱ្យអង្គការលើកលែងទោសអន្តរជាតិ មកពិនិត្យទីតាំងផ្ទាល់នៅតំបន់អង្គរ និងតំបន់ធម្មជាតិរុនតាឯក
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីសោកស្ដាយដោយអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) មិនបានចុះមកជួបជាមួយនឹងអាជ្ញាធរជាតិអប្សរា តែបែរជាអង្គការចេញសេចក្តីប្រកាសឱ្យមានការពិនិត្យមើលការបណេ្តញចេញដោយបង្ខំនៅតំបន់អង្គរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីកុំឱ្យមានការយល់ច្រឡំ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានទទួលនូវសំណើសុំកិច្ចសម្ភាសន៍តាម Zoom ពីអង្គការលើកលែងទោសអន្តរជាតិស្តីពីការបម្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ធម្មជាតិរុនតាឯក។
សេចក្តីប្រកាសបន្តថា ទទួលបានសំណើនេះអាជ្ញាធរជាតិអប្សរា ក៏បានស្នើសូមឱ្យអង្គការនេះ ឬអ្នកតំណាង មកជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរានៅទីតាំងផ្ទាល់នៅតំបន់អង្គរ និងតំបន់ធម្មជាតិរុនតាឯកតែម្តង ប្រសើរជាងការទទួលបានព័ត៌មានពីចម្ងាយរាប់ពាន់គីឡូម៉ែត្រពីស្ថានភាពជាក់ស្ដែង។
ប្រភពដដែលបន្តថា ៖ «ជាការគួរឱ្យសោកស្ដាយដោយសំណើរបស់អាជ្ញាធរជាតិអប្សរា ពុំទទួលបានការយល់ព្រមពីអង្គការលើកលែងទោសអន្តរជាតិនោះឡើយ»។
ប្រភពដដែលបន្តថា រាជរដ្ឋាភិបាលបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងបញ្ហាដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុវត្តដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដោយរក្សាឱ្យបាននូវតម្លៃលេចធ្លោជាសកលនៃតំបន់រមណីយដ្ឋានអង្គរ ល័ក្ខខ័ណ្ឌជាសារវន្ត នៃការបញ្ចូលតំបន់អង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាឆ្នាំ១៩៩២។
អាជ្ញាធរអប្សរាបានបញ្ជាក់ថា ៖ «ការផ្លាស់ប្ដូរទីតាំងប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានពុំស្របច្បាប់ និងដាក់ចេញនូវវិធានការ គាំទ្រដោយរាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងជាបន្តរហូតដល់បច្ចុប្បន្ន ដើម្បីឱ្យបងប្អូនអាចមានទីលំនៅស្របច្បាប់ មានប័ណ្ណកម្មសិទ្ធិ និងការគាំពារសង្គម ប្រកបដោយផាសុកភាព និងសុខុមាលភាព អមដោយហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ជាច្រើនទៀត»។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ដែរថា ការថែរក្សាការពាររមណីយដ្ឋានអង្គរ ពុំមានត្រឹមតែប្រាសាទបុរាណទេ តែប្រពៃណីទំនៀមទម្លាប់ សំណល់បុរាណវិទ្យាធំៗ ដែលពុំទាន់បានរុករក ជាភារកិច្ចរបស់អង្គភាពជំនាញ ព្រមទាំងស្ថាប័នពាក់ព័ន្ធ និងជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ដែលត្រូវរួមគ្នាថែរក្សាទុកជាកេរមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ ជាយូរលង់តទៅ។
សូមរម្លឹកដែរថា អង្គការលើកលែងទោសអន្តរជាតិចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានស្នើឱ្យគណៈក ម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោះស្រាយបញ្ហាការបណ្តេញចេញដោយបង្ខំជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលកម្ពុជា មកលើប្រជាពលរដ្ឋនៅតំបន់អង្គរ ៕
ដោយ៖នាង សុគន្ធា