ឯកឧត្តម សៅ សារឿន ៖ គម្រោងសំណង់អគារ មណ្ឌលសុខភាពវ៉ារិនថ្មី សម្រេចបានជាង ៩០%ហើយ
ខេត្តសៀមរាប៖ ឯកឧត្តម សៅ សារឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប រួមជាមួយសមាជិកក្រុមការងារជាច្រើនរូបទៀតអញ្ជើត្រួតពិនិត្យមើលសំណង់អគារសម្ភព និងជម្ងឺទូទៅថ្មី មួយខ្នង ព្រមទាំងបាននាំយកនូវអំណោយជាគ្រឿងបំពាក់ក្នុងអគារថ្មី ព្រមទាំងឱសថមួយចំនួន ទៅផ្តល់ជូន ផងដែរ ។
អគារមញឌលសុខភាពថ្មីនេះក្រោមជំនួយឧបត្ថម្ភ ពីសប្បុរសជន សាធារណរដ្ឋកូរ៉េ តាមរយៈ លោក គឹម ថេក្វាន តំណាងអង្គការ AGM បេសកជនគ្រីស្ទៀន កូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ អគារនេះធ្វើអំពីថ្មប្រក់ក្បឿង(សេរ៉ាមិច)មានទំហំ ទទឹង១០,៥ ម៉ែត្រ និងបណ្តោ ២១ ម៉ែត្រ កំពស់ជើងក្រោមឡើងជាង៥ម៉ែត្រ ចែកចេញជាបីបន្ទប់ មានបន្ទប់សម្ភព ក្រោយពេលសម្រាលបុត្រ បន្ទប់សម្រាកព្យាបាលជម្ងឺទូទៅ បន្ទប់នីមួយៗមានបន្ទប់អនាម័យក្នុងនោះផងដែរ។
លោក សុខ ឈួង បានឲ្យដឹងថា ក្នុងគម្រោងសំណង់ អគារ មណ្ឌលសុខភាពវ៉ារិនថ្មី ជំនាញក្រុមជាង បានខិតខំធ្វើយ៉ាងមារញឹកទាំងសំណង់អគារ និងចាក់ដីបំពេញបរិវេណទីធ្លាឲ្យបានធំទូលាយជាមុន រហូតបច្ចុប្បន្ននេះ សំណង់អគារសម្រេចបានជាង ៩០%ហើយ នៅសល់តែការកែលម្អទីធ្លាបរិវេណនៃអគារថ្មី ប្រព័ន្ធផ្លូវ ដងទង់ជាតិ ព្រមទាំងបំពាក់ម៉ាស៊ីនត្រជាក់ និងតបណ្តាញអគ្គិសនី ជាដើម ។
ឯកឧត្តម សៅ សារឿន បានជំរុញឱ្យក្រុមជំនាញធ្វើយ៉ាងណាសាងសង់អគារថ្មីមួយនេះឱ្យាមានគុណភាពរឹងមាំ សមស្របទៅនឹងបទដ្ឋានបច្ចេកទេសនៃសំណង់ ពិសេសត្រូវចាក់ដីបំពេញបន្ថែមក្នុងបរិវេណដើម្បីការពារជំនន់ទឹកភ្លៀង ដើម្បីធានាបាននូវរងគ្រោះធម្មជាតិផ្សេងៗ ។
ឯកឧត្តម សៅ សារឿន បានគូសរំលេចថាក្នុងនីតិកាលទី៧ ថ្មីនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាកម្មវិធីនយោបាយ សម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣ដល់២០២៨ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១រៀបចំឡើងដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវគោលនយោបាយអាទិភាពទាំង ៦ចំណុច ដែលជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ ក្នុងនោះក៏មានការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ជូនប្រជាពលរដ្ឋយើងផងដែរ ។
ឯកឧត្ដម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះប្រធានមណ្ឌលសុខភាពវ៉ារិន និង ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក ព្រមទាំងបុគ្គលិកបម្រើការដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការទទួលខុសត្រូវទៅលើ សេវាពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមវិជ្ជាជីវៈ និងក្រមសីលធ៌ម របស់ក្រុមគ្រូពេទ្យ ។ ជាពិសេសត្រូវរួមគ្នាថែរក្សានូវរាល់មិទ្ធិផលថ្មីនេះ តម្កល់ទុកជាមរតកប្រវត្តិសាស្ត្រលើទឹកដីឃុំវ៉ារិន សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋបានយូអង្វែង។
ឯកឧត្តម ប្រធានក្រុមការងារ សៅ សារឿន បានផ្តល់ជូនអំណោយជាគ្រឿងបំពាក់សម្រាប់អាគារថ្មី នាថ្ងៃនេះមាន ដើម្បីចូលរួមចំណែកជួយសំរួលដល់ការប្រើប្រាស់នៅពេលបងប្អូនប្រជាពលរដ្ឋមកពិនិត្យ សម្រាកព្យាបាលជម្ងឺ ប្រកបដោយផាសុខភាព ។ សម្ភាររួមមាន ម៉ាស៊ីនត្រជាក់ ២ សេស ៥គ្រឿង, ១សេសកន្លះ ១គ្រឿង , ទុយយោស្ពាន់ ៦០ម៉ែត្រ , ទូទឹកកក ៣គ្រឿង ,ធុងទឹកចំណុះ ១ម៉ឺនលីត្រ ១ និងឱសថមួយចំនួនធំផងដែរតម្លៃ ៦០៩០ដុល្លារ ។
លោក ង៉ែត ចាន់ស៊ី ប្រធានមណ្ឌលសុខភាពសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំវ៉ារិនដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន ឯកឧត្តម តែងបានផ្តល់នូវកម្លាំងចិត្តចុះមកសាកសួសុខទុក្ខដោយផ្ទាល់និងបាននាំយកអំណោយរួមជាមួយថវិកាឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីគ្មានទីពឹង ជនពិការ ដោយមិនរើសអើងពីនិន្នាការនយោបាយអ្វីឡើយ ៕
ប្រភព ៖ កងទ័ព