យន្តហោះរុស្ស៊ី ចុះចតបន្ទាន់នៅលើវាលស្រែ តែមិនមានអ្នកដំណើរគ្រោះថ្នាក់ទេ

មូស្គូ៖ យន្តហោះដឹកអ្នកដំណើររុស្ស៊ីមួយគ្រឿងធុន Airbus A320 ដែលធ្វើដំណើរចេញពីទីក្រុង Sochi ទៅកាន់ទីក្រុង Omsk នៅថ្ងៃទី១២ ខែកញ្ញានេះ បានបង្ខំចិត្តចុះចតបន្ទាន់នៅលើវាលស្រែ។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Ural Airline បាននិយាយថា អ្នកដំណើរនៅលើយន្តហោះជួបបញ្ហា ហើយចុះចតបន្ទាន់នៅលើវាលស្រែ មានអ្នកដំណើរជិះនៅលើនោះសរុប ១៧០នាក់ ក្នុងនោះមានក្មេងៗចំនួន ២៣នាក់។

អាជ្ញាធរបានបញ្ចេញវីដេអូមួយបង្ហាញពីរូបភាពយន្តហោះចុះចតនៅលើវាលស្រែ ស្ថិតក្បែរតំបន់ព្រៃមួយកន្លែងនៅក្នុងតំបន់ណូវ៉ូស៊ីប៊ីស្កិ៍ និងថា ហេតុការណ៍នេះ មិនបង្កឱ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ ដោយគ្រប់គ្នាត្រូវបានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព។

ប្រធានក្រុមហ៊ុនអាកាសចរណ៍ Ural លោក Sergei Skuratov បានប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍នេះ គឺបណ្តាលមកពីប្រព័ន្ធត្រជាក់របស់យន្តហោះ។

ទន្ទឹមគ្នា អភិបាលនៃតំបន់ Novosibirsk និង Omsk បានសន្យាផ្តល់ជំនួយចាំបាច់ទាំងអស់ដល់អ្នកដំណើរ រួមទាំងកន្លែងស្នាក់នៅបណ្តោះអាសន្ន និងការដឹកជញ្ជូនផងដែរ ហើយអាជ្ញាធរអាកាសចរណ៍រុស្ស៊ីក៏បានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner