Apple បញ្ចេញ iPhone ជំនាន់ថ្មីមានបន្ទះឈីបលឿនជាងមុន រន្ធសាកភ្លើងថ្មី និងកាមេរ៉ាកាន់តែប្រសើរជាងមុន
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Apple នៅថ្ងៃទី១២ ខែកញ្ញានេះ បានបញ្ចេញវត្តមានស្មាតហ្វូន iPhone ជំនាន់ក្រោយរបស់ខ្លួន ចំនួន ៤ម៉ូដែល ដោយបំពាក់មកជាមួយនឹងប្រព័ន្ធដំណើរការកាន់តែលឿនជាងមុន កាមេរ៉ាល្អជាងមុន និងរន្ធសាកភ្លើងថ្មី (USB-C)។
ក្រុមហ៊ុន Apple មិនបានផ្លាស់ប្ដូរឈ្មោះសម្រាប់ iPhone ជំនាន់ថ្មីឡើយ ក្នុងនោះមានដូចជា iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max ដោយបំពាក់មកជាមួយនូវកាមេរ៉ាមានទំហំរហូតដល់ ៤៨មេហ្គាភិចសែល។ ជាមួយគ្នានេះ Apple ក៏បានបង្ហាញវត្តមាននាឡិការឆ្លាតវៃ Apple Watch ជំនាន់ថ្មីរបស់ខ្លួនផងដែរ។ iPhone ទាំង៤ម៉ូដែលនេះត្រូវបានក្រុមហ៊ុន Apple ដាក់អោយធ្វើការបញ្ជាទិញទុកជាមុនបានចាប់ពីថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ ខណៈដែលការចេញលក់ជាផ្លូវការតែម្ដងនៅថ្ងៃទី២២ ខែកញ្ញាខាងមុខ។
ការបង្ហាញវត្តមាន iPhone 15 នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Apple ក្នុងទីក្រុងឃូភើទីណូ រដ្ឋកាលីហ្វ័រញ៉ា ខាងលើនេះ ត្រូវបានធ្វើឡើងចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ជាពិសេសនៅក្នុងប្រទេសចិន ជាទីផ្សារធំទី ៣របស់ Apple បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ជាឱ្យមន្រ្តីទាំងអស់ឈប់ប្រើទូរស័ព្ទ iPhone នៅក្នុងការិយាល័យរដ្ឋាភិបាល។ ជាក់ស្តែងភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១.៧ភាគរយ បន្ទាប់ពីព្រឹត្តិការណ៍នេះ៕ ប្រភព៖ CNA និង GSM Arena ប្រែសម្រួលដោយ៖ ឈឹម ទីណា