ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួម កិច្ចប្រជុំការធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាសកម្មភាពជនពិការ
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការក្រសួង ជាមួយមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជម្រាបជូនអង្គប្រជុំថា ក្រុមប្រឹក្សាសកម្មភាពជនការ ត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យលេខ នសរ/រកម/០៧០៩/០១០ ដែលប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩ ។
ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ វិស័យពិការភាពមានវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដែលបានប្រែក្លាយស្ថានភាពជីវភាពរស់នៅរបស់ជនមានពិការភាពបានសមរម្យ និងទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព។
លោកស្រី មាស រត្ថា ប្រធានផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១១នាក់ (ស្រី ៦នាក់ មន្ត្រីមានពិការភាព ១នាក់) ផ្នែកបានរៀបចំសន្និបាតបូកសរុបការងារអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣។ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្រ្ត ក្នុងការគាំទ្រដល់កុមារមានពិការភាព ឬផលវិបាកក្នុងការប្រាស្រ័យទាក់ទងដល់មន្ត្រីថ្នាក់ជាតិ។ ជារៀងរាល់ឆ្នាំ បានរៀបចំទិវាអូទីស្សីម និងដោនសាំងដ្រូម ទិវាមនុស្សគ-ថ្លង់ ទិវាជនមានពិការភាពជាតិនិងអន្តរជាតិ។
លោក ហុក លី ប្រធានផ្នែកសិទ្ធិជនពិការ បានបង្ហាញថា ផ្នែកមានមន្ត្រីសរុបចំនួន ១២នាក់ (ស្រី ៣នាក់ មន្ត្រីមានពិការភាព ១នាក់) ផ្នែកបានបញ្ចប់ព្រាងរបាយការណ៍ដំបូងជាលើកទី២ ស្តីពីការអនុវត្ត “អនុសញ្ញាស្តីពីសិទ្ធិជនពិការ” ។ បានបង្កើតប្រព័ន្ធប្រមូលទិន្នន័យតាមអនឡាញ (Web & Application) ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព។ បានបណ្តុះបណ្តាលមន្ត្រីជំនាញបញ្ចូលទិន្នន័យមកពីគ្រប់ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត។ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ដើម្បីឈានទៅដល់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស។
លោក អៀម សារ៉ាត ប្រធានផ្នែកសុខមាលភាពនិងស្តារលទ្ធភាពពលកម្ម បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១០នាក់ (ស្រី ១នាក់ មន្ត្រីមានពិការភាព ១នាក់) ផ្នែកបានលើកកម្ពស់ការយល់ដឹងសមភាពយេនឌ័រនិងបរិយាបន្នពិការភាពដល់ជនមានពិការភាពពិសេសស្ត្រីមានពិការភាព និងក្រុមការងារឆ្លើយតបអំពើទាក់ទងនឹងយេនឌ័រថ្នាក់ក្រុង។ បានកៀគរជំនួយពីប្រទេសចិននិងជប៉ុននូវរទេះរុញនិងឧបករណ៍ជំនួយរៀងកាយផ្សេងៗ សម្រាប់ចែកជូនដល់ជនមានពិការភាពក្រីក្រនៅសហគមន៍ អង្គការដៃគូ និងនៅតាមមណ្ឌលផ្តល់សេវានិងថែទាំជនមានពិការភាពសំដៅលើកកម្ពស់សុខុមាលភាពជនមានពិការភាព។
លោក ចាន់ ជ័យរិទ្ធ ប្រធានផ្នែកសមាហរណកម្មជនពិការ បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១១នាក់ (ស្រី ២នាក់ មន្ត្រីមានពិការភាព ៤នាក់) ផ្នែកបានរៀបចំកសាងគោលការណ៍ណែនាំស្តីពីបរិយាបន្នពិការភាពក្នុងកិច្ចគាំពារសង្គមក្នុងប្រទេសកម្ពុជា។ បានរៀបចំកសាងគោលការណ៍ណែនាំស្តីពីបរិយាបន្នពិការភាពក្នុងកិច្ចគាំពារសង្គមក្នុងប្រទេសកម្ពុជា។
លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាវិការភាព បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១៤នាក់ (ស្រី ៤នាក់ មន្ត្រីមានពិការភាព ៤នាក់) ផ្នែកបានបំពេញការងារដូចជា÷ រៀបចំបញ្ជីឈ្មោះនិងលេខទំនាក់ទំនងគ្រូ និងតារាងស្ថានីយទូរទស្សន៍ដែលមានបកប្រែភាសាសញ្ញា សហការជាមួយក្រសួង ស្ថាប័ន និងដៃគូរៀបចំវគ្គបណ្តុះបណ្តាលអ្នកបកប្រែភាសាសញ្ញា។
បន្ទាប់ពីបានអញ្ជើញស្តាប់ការធ្វើបទបង្ហាញរបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងបានទស្សនាវីដេអូឃ្លីបរួចមក ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានកោតសរសើរចំពោះសមិទ្ធផលដែលបានបង្ហាញដោយថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក្នុងការខិតខំបំពេញភារកិច្ចបម្រើឱ្យវិស័យពិការភាពរហូតទទួលបានជោគជ័យនិងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ជាតិ និងអន្តរជាតិ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកសំណូមពរទាំងអស់ដែលបានលើកឡើងក្នុងអង្គប្រជុំដើម្បីពិភាក្សាជាមួយក្រុមជំនាញនិងរកមធ្យោបាយដោះស្រាយ ៕
ដោយ ៖ វណ្ណលុក