កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគសាជាថ្មីទៀត ចំពេលលោក គីម ទៅជួបលោក ពូទីន នៅរុស្ស៊ី
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានរាយការណ៍នៅថ្ងៃទី១៣ ខែកញ្ញានេះថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់សាជាថ្មីទៀត។
អគ្គលេខាធិការចម្រុះកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគមិនត្រូវបានគេស្គាល់មួយគ្រាប់ ធ្លាក់ចូលសមុទ្រខាងកើត ដែលគេស្គាល់ថា ជាដែនទឹកផ្តាច់មុខរបស់ប្រទេសជប៉ុន ស្របពេលដែលលោក គីម ជុងអ៊ុន ធ្វើដំណើរទៅដល់ទឹកដីប្រទេសរុស្ស៊ី សម្រាប់ជំនួបកំពូលជាមួយលោក វ៉្លាឌីមៀ ពូទីន។
រូបភាពបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មានKCNAបង្ហាញលោកគីម បានទៅដល់ស្ថានីយរថភ្លើងរុស្ស៊ីមួយនៅទីប្រជុំជនជាប់ព្រំដែនខាសាន កាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ និងត្រូវបានទទួលស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ទៅពីទីក្រុងមូស្គូ។ លោកបានជួបរដ្ឋមន្ត្រីប្រភពធនធានធម្មជាតិរុស្ស៊ីនៅទីនោះ។
ទន្ទឹមគ្នា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បាននិយាយថា ដំណើរទស្សនកិច្ចរបស់គាត់នៅរុស្ស៊ី ជាការបង្ហាញយ៉ាងច្បាស់អំពីសារសំខាន់យុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន KCNA៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា